HELSINKI៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យជម្លៀសអ្នកស្រុកចេញពីភូមិ Grindavik និងរមណីយដ្ឋាន Blue Lagoon ដ៏ល្បីល្បាញនៅឧបទ្វីប Reykjanes ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ក្រោយពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះកាលពីថ្ងៃពុធ ។
ភ្នំភ្លើងស្ថិតនៅភាគខាងជើងនៃភូមិ Grindavik បានចាប់ផ្តើមផ្ទុះនៅមុនម៉ោង១រសៀល ។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា ម៉ោងក្នុងស្រុក គឺម៉ោង១១និង០០នាទីម៉ោងសកល ដែលនៅមុនពេលផ្ទុះគឺមានការរញ្ជួយដីជាច្រើនលើក ។
ការិយាល័យខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពទឹកកម្អែភ្នំភ្លើងបានផុសឡើងដល់កម្ពស់៥០ម៉ែត្រ ហើយប្រវែងនៃការប្រេះស្រាំបានកើនឡើងពីដំបូងគឺ១គីឡូម៉ែត្រទៅ៣,៤គីឡូម៉ែត្រឯណោះ ។
លោក Magnus Tumi Gudmundsson សាស្ត្រាចារ្យភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យ អ៊ីស្លង់ បានប្រាប់ដល់វិទ្យុក្នុងស្រុក RUV ថា នេះគឺជាការផ្ទុះលើកទី៥របស់ខ្លួនចាប់តាំងពីខែធ្នូ ហើយក៏ជាការផ្ទុះដ៏មានឥទ្ធិពលបំផុតចាប់តាំងពីប្រព័ន្ធភ្នំភ្លើងរបស់វាសកម្មកាលពី៣ឆ្នាំមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា