ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល រកឃើញផ្លូវក្រោមដី ចំនួន២០ របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្រោមទីក្រុង រ៉ាហ្វា

រូបភាព៖ RT News

បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេបានបង្កើតការគ្រប់គ្រង ទាំងស្រុង លើព្រំដែននៃតំបន់ Gaza Strip ជាមួយនឹងប្រទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍នេះកើតឡើង ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង លើអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមរបស់ខ្លួន លើក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែលកំពុងតែឈានចូលដល់ខែទីប្រាំបី នៅសប្តាហ៍ក្រោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោកឧត្តមនាវីឯក Daniel Hagari បាននិយាយកាលពីថ្ងៃពុធ ដោយសំដៅទៅលើតំបន់ព្រំដែន ដោយឈ្មោះកូដរបស់រដ្ឋាភិបាលអ៊ីស្រាអែលថា “ឥឡូវនេះយើងបានទទួលការគ្រប់គ្រងប្រតិបត្តិការលើផ្លូវ Philadelphi Route ” ។ លោកបានពិពណ៌នាផ្លូវនេះថា ជា “ខ្សែជីវិត” ដែលក្រុមហាម៉ាសប្រើដើម្បីរត់ពន្ធអាវុធ និងធ្វើការវាយប្រហារ លើអ៊ីស្រាអែល។

លោក Hagari បាននិយាយថា គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ត្រូវបានគេរកឃើញនៅជិតព្រំដែនអេហ្ស៊ីប ហើយថា ក្រុមហាម៉ាស់បានប្រើប្រាស់តំបន់នេះកាលពីអតីតកាលដើម្បីបាញ់ទៅលើទីក្រុង Tel Aviv និងទីក្រុងដទៃទៀតរបស់អ៊ីស្រាអែល។ លោកក៏បាននិយាយផងដែរថា កងកម្លាំងការពារអ៊ីស្រាអែល បានរកឃើញផ្លូវរូងក្រោមដីប្រហែល ២០ ដែលបង្កើតឡើងដោយក្រុមហាម៉ាស នៅក្រោមទីក្រុង Gazan ភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា ដែលជាផ្នែកមួយនៃ “យុទ្ធសាស្ត្រយកមនុស្សធ្វើជាខែលការពារ” របស់ក្រុមសកម្មប្រយុទ្ធ។

លោក Hagari បាននិយាយទៀតថា “យើងបានសម្លាប់ក្រុមភេរវករប្រហែល ៣០០នាក់នៅទីក្រុង រ៉ាហ្វា រហូតមកដល់ពេលនេះ” ដោយបន្ថែមថា ទាហានអ៊ីស្រាអែល ៣ នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនាពេលថ្មីៗនេះដែរ។

យ៉ាងណាក៏ដោយ សារព័ត៌មាន Al-Qahera បានដកស្រង់ “ប្រភពកម្រិតខ្ពស់របស់អេហ្ស៊ីប” ដោយបដិសេធថា មានផ្លូវរូងក្រោមដីនៅតាមព្រំដែនអេហ្ស៊ីប។ ប្រភពបាននិយាយថា “អ៊ីស្រាអែលកំពុងប្រើការចោទប្រកាន់ទាំងនេះដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបន្តប្រតិបត្តិការលើទីក្រុង រ៉ាហ្វា របស់ប៉ាឡេស្ទីន និងការអូសបន្លាយសង្រ្គាមសម្រាប់គោលបំណងនយោបាយ” នេះបើយោងតាមប្រភពពីសារព័ត៌មាន Al Jazeera ៕
ប្រែសម្រួលៈ ណៃ តុលា

To Top