មីនស៍៖ ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា គោលនយោបាយដាក់ទណ្ឌកម្ម របស់លោកខាងលិចបានបរាជ័យ។
លោក Szijjarto បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាល នៃប្រទេសបេឡារុស្ស-ហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះថា “គោលនយោបាយដាក់ទណ្ឌកម្ម បានបរាជ័យ ហើយនេះមិនមែនជាសេចក្តីថ្លែងការណ៍ នយោបាយនោះទេ។
លោក Szijjarto បានលើកឡើងថាការបរាជ័យ នៃទណ្ឌកម្មរបស់លោកខាងលិចគឺថា “សហភាពអឺរ៉ុបបានបាត់បង់យ៉ាងច្រើន ដោយសារតែគោលនយោបាយ ដាក់ទណ្ឌកម្ម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា លោកប្រឆាំងនឹង “វិធានការដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ” ហើយនោះហើយជាមូលហេតុ ដែលហុងគ្រីនៅតែទិញប្រេងពីរុស្ស៊ី។
លោកក៏បានព្រមានផងដែរថា តាមរយៈការកាត់ផ្តាច់បណ្តាញទំនាក់ទំនង រវាងសហភាពអឺរ៉ុប និងបេឡារុស្ស ភាគីទាំងពីរនឹងបាត់បង់ ឧបករណ៍សម្រាប់ការសម្រេចបាន សន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា