យេរ៉ូសាឡឹម៖ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល Tzachi Hanegbi បានឲ្យដឹងថា ជម្លោះដែលកំពុងបន្តជាមួយក្រុមហាម៉ាស់ ទំនងជានឹងបន្តរយៈពេល ៧ខែទៀត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Hanegbi បានប្រាប់វិទ្យុ Kan Reshet Bet Radio ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែលថា “យើងរំពឹងថានឹងមានការប្រយុទ្ធរយៈពេល ៧ខែទៀត ដើម្បីធ្វើឱ្យសមិទ្ធិផលកាន់តែស៊ីជម្រៅ និងសម្រេចបាននូវអ្វីដែលយើងបានកំណត់ថាជា “ការបំផ្លិចបំផ្លាញនៃសមត្ថភាពរដ្ឋាភិបាល និងយោធារបស់ពួកហាម៉ាស់”។
លោកបានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែលបានទទួលការគ្រប់គ្រង ៧៥ភាគរយរួចទៅហើយនៃច្រករបៀង Philadelphia ដែលជាដីតូចចង្អៀតនៅតាមបណ្តោយ ព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ហើយជឿជាក់ថា អ៊ីស្រាអែល នឹងគ្រប់គ្រងច្រករបៀងនេះ ក្នុងរយៈពេលកន្លងមកដើម្បីការពារការរត់ពន្ធអាវុធ។
ទោះជាយ៉ាងណាក៏ដោយលោក Hanegbi បានសង្កត់ធ្ងន់ថា “អ៊ីស្រាអែល មិនចង់គ្រប់គ្រងតំបន់ហ្គាហ្សានោះទេ។ យើងកំពុងព្យាយាមរៀបចំ ផែនការឱ្យប្រជាជនប៉ាឡេស្ទីន ដឹកនាំជីវិតរបស់ពួកគេ ហើយយើងនឹងរក្សាសន្តិសុខនៅទីនោះ”។
លោកបានកត់សម្គាល់ថា អ៊ីស្រាអែល នៅតែខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំង ១២៥ នាក់ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សាដោយបានបរិហារថាជា “គួរឱ្យស្អប់ខ្ពើម” ការអះអាងដែលថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងរារាំងវឌ្ឍនភាពក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង សម្រាប់ហេតុផលនយោបាយ ៕
ប្រែសម្រួល ឈូក បូរ៉ា