បរទេស៖ ប៉ូលិសស្រីម្នាក់មកពីស្ថានីយបាងកក ត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ឱ្យជាប់ពន្ធនាគាររយៈពេល ១២៥ ឆ្នាំពីបទលួចបន្លំប្រាក់ធានា របស់ជនសង្ស័យដែលមានតម្លៃសរុបចំនួន ៧២០.០០០ បាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មសម្រាប់សំណុំរឿងពុករលួយ និងប្រព្រឹត្តិខុសឆ្គង បានរកឃើញថា វីរសេនីយ៍ Jirat-on Paksap មានពិរុទ្ធពីបទកេងបន្លំចំនួន ២៥ ករណី ដែលករណីនីមួយៗ ត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។
ព្រះរាជអាជ្ញាបានប្រាប់តុលាការថា វីរសេនីយ៍ Jirat-on គឺជាអធិការរងរដ្ឋបាលនៅស្ថានីយ៍ប៉ូលីស Wang Thong Lang ។ វីរសេនីយ៍ Jirat-on ទទួលខុសត្រូវក្នុងការប្រមូលប្រាក់ នៅក្រៅឃុំរបស់ជនសង្ស័យពីប៉ូលិសស៊ើបអង្កេត និងដាក់ប្រាក់។
តុលាការត្រូវបានគេប្រាប់ថា មន្ត្រីរូបនេះបានបរាជ័យក្នុងការ ដាក់ប្រាក់សរុបចំនួន ៧២០.០០០ បាត។ វីរសេនីយ៍ Jirat-on បានសារភាពនៅតុលាការថា នាងមិនបានអនុវត្តតាមបទប្បញ្ញត្តិ ដែលពាក់ព័ន្ធនោះទេ ប៉ុន្តែបាននិយាយថា នាងគ្មានចេតនាអាក្រក់ឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា