បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrey Belousov បាននិយាយនៅថ្ងៃសុក្រថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣៥.០០០ នាក់ និងសព្វាវុធអាវុធ រាប់ពាន់ក្នុងខែនេះ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ នៃអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) នៅប្រទេសកាហ្សាក់ស្ថាន លោក Belousov បានបញ្ជាក់ថា យោធារុស្ស៊ីបន្ត “កាត់បន្ថយជាប្រព័ន្ធនូវ សក្តានុពលប្រយុទ្ធ របស់កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន”។
លោករដ្ឋមន្ត្រីបានអះអាងថា ក្រៅពីការបាត់បង់កងទ័ពមួយចំនួនធំហើយ ក្នុងខែនេះ ក្រុងគៀវក៏បានបាត់បង់អាវុធធុនធ្ងន់ជាង ២៧០០ គ្រឿង រួមទាំងរថក្រោះ ២៩០ គ្រឿង និងរថពាសដែកប្រយុទ្ធផងដែរ។ ទាំងនេះរួមមានរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង, រថក្រោះ Leopard ៧ គ្រឿង និង រថយន្ត Bradley ១២គ្រឿង ។ លើសពីនេះ អ៊ុយក្រែនបានបាត់បង់យន្តហោះ ១១ គ្រឿង ឧទ្ធម្ភាគចក្រ ៤ គ្រឿង និងកាំភ្លើងធំប្រមាណ ៧៣០ ដើម និងប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះជាច្រើន។
លោក Belousov បានកត់សម្គាល់ថា បន្ទាប់ពីទទួលរងនូវការស្លាប់ និងរបួសបែបនេះហើយប្រឈមមុខ នឹងអសមត្ថភាពក្នុងការ ចាប់យកគំនិតផ្តួចផ្តើម នៅលើសមរភូមិជាពិសេសនៅ តំបន់ Kharkov ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនត្រូវបាន រុញច្រានបន្តិចម្តងៗ ទីក្រុងគៀវ បានងាកទៅរកការវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដើម្បីបង្ហាញ ដល់អ្នកឧបត្ថម្ភលោកខាងលិចអំពីសមត្ថភាពរបស់ខ្លួន ក្នុងការបង្កការខូចខាតដល់ប្រទេសរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា