តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រទេសរបស់លោក និងប្រទេសស៊ីរី គួរតែពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត ដើម្បីយកឈ្នះលើសម្ពាធនយោបាយ និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad និងគណៈប្រតិភូ ដែលអមដំណើររបស់លោកនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំ។
លោកបានឲ្យដឹងថា ប្រធានាធិបតីបណ្តោះអាសន្នរបស់អ៊ីរ៉ង់ លោក Mohammad Mokhber នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងដាម៉ាស់ ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរស្ថិតក្នុងចំណោមសសរស្តម្ភនៃរណសិរ្សតស៊ូ។
រណសិរ្សតស៊ូ គឺជាពាក្យដែលតែងតែប្រើ ដើម្បីសំដៅទៅលើសម្ព័ន្ធតំបន់ ដែលរួមមានប្រទេស និងក្រុមនិកាយស៊ីអ៊ីតជាចម្បងនៅអាស៊ីខាងលិច ដែលស្វែងរកការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល និងបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីន និងរំដោះតំបន់ពីការត្រួតត្រារបស់បស្ចិមប្រទេស។
លោកបានបន្ដថា ការតស៊ូ គឺជាអត្តសញ្ញាណកំណត់របស់ស៊ីរី ដែលបានផ្តល់ឱ្យវានូវជំហរដ៏មានកិត្តិយសនៅក្នុងតំបន់ ហើយបានជំរុញឱ្យស៊ីរីរក្សាលក្ខណៈនេះសម្រាប់ឯកភាពជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា