ព័ត៌មានអន្តរជាតិ

អាមេរិក បង្ហាញក្តីបារម្ភ ចំពោះសកម្មភាព បង្កហេតុ របស់ចិន នៅជិតកោះតៃវ៉ាន់

Kyodo

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធា “បង្កហេតុ” របស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោកជាមួយសមភាគីចិន លោក Dong Jun កាលពីថ្ងៃសុក្រ ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃជុំវិញកោះ ដែលគ្រប់គ្រងដោយខ្លួនឯងកាលពីសប្តាហ៍មុន។

នៅក្នុងកិច្ចពិភាក្សាផ្ទាល់លើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ លោក Austin ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនទឹកជាមួយហ្វីលីពីន និងប្រទេសដទៃទៀត។

កិច្ចប្រជុំរបស់ពួកគេត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីរយៈពេលបីថ្ងៃ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ព្យាយាមសម្របសម្រួលទំនាក់ទំនង និងការពារការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយរបស់ពួកគេពីការឈានទៅរកជម្លោះ។

ប្រទេសចិន បានធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់បន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែឧសភា របស់ប្រធានាធិបតីកោះតៃវ៉ាន់លោក ឡៃ ឈីងតេ ដែលទីក្រុងប៉េកាំងបានថ្កោលទោសថា ជាអ្នកផ្តាច់ខ្លួនថាជា “ការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា” សម្រាប់អ្នកដែលស្វែងរកឯករាជ្យភាពនៃទឹកដីនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Pat Ryder បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បានប្រាប់លោក Dong ថា ប្រទេសចិន “មិនគួរប្រើការផ្លាស់ប្តូរនយោបាយរបស់តៃវ៉ាន់ ដែលជាផ្នែកនៃដំណើរការប្រជាធិបតេយ្យធម្មតា និងជាទម្លាប់នោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top