តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសទណ្ឌកម្មថ្មី ដែលដាក់ដោយសហភាពអឺរ៉ុប លើមន្ត្រី និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងរបស់លោក បន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៦ និងអង្គភាពចំនួន៣ របស់អ៊ីរ៉ង់សម្រាប់ការចោទប្រកាន់របស់ពួកគេដែលមាន “តួនាទីក្នុងការផ្ទេរយន្ដហោះដ្រូន (UAV) ទៅកាន់ប្រទេសរុស្ស៊ី ក្នុងការគាំទ្រសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនឬ ការផ្ទេរ UAVs ឬមីស៊ីលទៅកាន់ក្រុមប្រដាប់អាវុធ និងអង្គភាព ដែលបំផ្លាញសន្តិភាព និងសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា និងសមុទ្រក្រហម ឬ “សម្រាប់ការចូលរួមក្នុងកម្មវិធី UAV របស់អ៊ីរ៉ង់”។
លោក Kanaani បានលើកឡើងថា អឺរ៉ុប ជំនួសឱ្យការផ្តោតលើ “ឧក្រិដ្ឋកម្មសង្គ្រាម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា និងការដាក់ទណ្ឌកម្មអ៊ីស្រាអែល សម្រាប់ពួកគេនោះ បានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន មន្ត្រី និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់ ដែលជា “អ្នកត្រួសត្រាយ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានានិរន្តរភាព សន្តិសុខក្នុងតំបន់អាស៊ីខាងលិច”។
លោកសោកស្ដាយ ដែលសហភាពអឺរ៉ុបបានប្រើឧបករណ៍ “ហួសសម័យ និងគ្មានប្រសិទ្ធភាព” ម្តងទៀតនៃទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ខណៈពេលដែលបានបិទភ្នែកមើលការពិតនៅក្នុងតំបន់អាស៊ីខាងលិច៕ ប្រែសម្រួល ឈូក បូរ៉ា