ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយលុក របស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា

AFP

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud បានថ្កោលទោសចំពោះ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា និងទីក្រុងរ៉ាហ្វា នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ដោយក្រសួងការបរទេសអ៊ីរ៉ង់។

នៅក្នុងការហៅទូរស័ព្ទមួយ លោក Bagheri Kanai បានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ បានមើលឃើញ “ការលាតត្រដាងនៃព្រឹត្តិការណ៍ដ៏ជូរចត់ និងមហន្តរាយប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួននៅទីក្រុងរ៉ាហ្វា ដែលបានសម្លាប់ស្ត្រី និងកុមារស្លូតត្រង់ និងអ្នកគ្មានទីពឹងរាប់សិបនាក់”។

លោកបានថ្កោលទោស “ការវាយប្រហារយ៉ាងព្រៃផ្សៃ” ដោយថា អ៊ីស្រាអែល កំពុងស្វែងរកសំណង សម្រាប់ការបរាជ័យផ្នែកនយោបាយ ផ្លូវច្បាប់ និងការទូតរបស់ខ្លួន តាមរយៈ “ការប្រព្រឹត្តឧក្រិដ្ឋកម្ម” នៅទីក្រុងរ៉ាហ្វា។

ចំណែករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានពណ៌នាការវិវឌ្ឍន៍ នៅតំបន់ហ្គាហ្សា និងទីក្រុងរ៉ាហ្វាឲ្យដឹងថា “វាពិតជាជូរចត់ ដែលអ៊ីស្រាអែល មិនដឹងពីដែនកំណត់ក្នុ ងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មរបស់ខ្លួន”។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ ក៏បានពិភាក្សា អំពីកិច្ចការកុងស៊ុល និងបានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបន្តការពិគ្រោះយោបល់ រវាងប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top