ញ៉ូដេលី៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌា ហៅកាត់ថា (ECI) បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ដំណាក់កាលចុងក្រោយនៃការស្ទង់មតិ នៅក្នុងការបោះឆ្នោតទូទៅ របស់ប្រទេសឥណ្ឌាបានបញ្ចប់ហើយ ដោយជាការបញ្ចប់ រយៈពេលជិត២ ខែកន្លះនៃដំណើរការនេះ ។
គណៈកម្មាធិការ ECI បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “សូម្បីតែដំណាក់កាលទី៧ នៃការបោះឆ្នោតនៅក្នុងការបោះឆ្នោត សកលឆ្នាំ២០២៤បានបញ្ចប់ក៏ដោយ គណៈកម្មការសូមអរគុណអ្នកពាក់ព័ន្ធទាំងអស់ អ្នកបោះឆ្នោត បុគ្គលិកបោះឆ្នោត កងកម្លាំងសន្តិសុខ ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សនយោបាយ” ។
អ្នកឈ្នះនឹងក្លាយជាសមាជិកសភា ជាន់ទាបរបស់សភាឥណ្ឌា ។
គណៈកម្មាធិការ ECI បានប្រកាសជាផ្លូវការអំពីការបោះឆ្នោតនៅថ្ងៃទី១៦ ខែមីនា ហើយដំណាក់កាលដំបូង នៃការស្ទង់មតិបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ។
គណបក្សនយោបាយ ឬសម្ព័ន្ធគណបក្សនយោបាយ ដែលឈ្នះក្នុងមណ្ឌលភាគច្រើន នៃសភាទទួលបានឱកាសបង្កើតរដ្ឋាភិបាលថ្មី ។
ការរាប់សន្លឹកឆ្នោតគ្រោងនឹង ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ហើយលទ្ធផលចុងក្រោយ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសជាផ្លូវការដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅថ្ងៃនោះ ឬនៅថ្ងៃបន្ទាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា