ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌាជាង៥០នាក់ បាត់បង់ជីវិតដោយសាររលកកម្តៅខ្លាំង បណ្តាលឲ្យមានជំងឺដាច់សរសៃឈាមក្នុង ខួរក្បាល

Xinhua

ញ៉ូដេលី៖ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សជាង៥០នាក់បានស្លាប់ ដោយសារជំងឺដាច់សរសែឈាមក្នុងខួរក្បាល នៅតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌា ជាពិសេសតំបន់ភាគខាងកើត កណ្តាល និងភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈដែលរលកកម្តៅខ្លាំងបានបោកបក់ទូទាំងតំបន់ភាគច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ ។
មនុស្សជិត២០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីពួកគេបានដួលសន្លប់ដោយសារក្តៅខ្លាំងពេក ។

ការស្លាប់ភាគច្រើនប្រហែល២៥នាក់បានកើតឡើងនៅក្នុងរដ្ឋ Bihar ស្ថិតនៅភាគខាងកើត ។ ក្រៅពីនេះការស្លាប់ស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ពីទីក្រុងញ៉ូដេលី រដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh រដ្ឋកណ្តាល Madhya Pradesh រដ្ឋភាគខាងកើតនៃ Odisha និង Jharkhand និងរដ្ឋភាគខាងលិចនៃរដ្ឋ Rajasthan ។

លោក Kirodi Lal Meena រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយការប្រចាំរដ្ឋ Rajasthan បានបញ្ជាក់ពីការស្លាប់របស់មនុស្សចំនួន៥នាក់ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅក្នុងរដ្ឋរបស់គាត់ ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានដាក់ថា យ៉ាងហោចណាស់មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងរដ្ឋនេះស្របពេលលក្ខខណ្ឌអាកាសធាតុមិនអាចទ្រាំទ្របាន ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បារតបានឡើងខ្ពស់ដល់ជិត៥៣អង្សាសេ ជាពិសេសនៅផ្នែកខ្លះនៃទីក្រុងញ៉ូដេលី និងរដ្ឋ Rajasthan ។ យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានបញ្ជាក់ថា សីតុណ្ហភាពនេះគឺប្រហែលពី៨ទៅ១០អង្សាសេលើសពីធម្មតានៅក្នុងប្រទេសក្នុងអំឡុងពេលនៃឆ្នាំនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top