រ៉ាហ្វា៖ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកសម្រុះសម្រួលប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ឱ្យ “បញ្ចប់” សង្គ្រាម ដោយមានកិច្ចព្រមព្រៀងគ្នាលើបទឈប់បាញ់ដែលគូសបញ្ជាក់ដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល នៅតែបន្តការវាយលុកទៅលើទីក្រុង Rafah ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃសុក្រថា អ៊ីស្រាអ៊ែល កំពុងផ្តល់ផែនទីបង្ហាញផ្លូវថ្មីមួយឆ្ពោះទៅរកបទឈប់បាញ់គ្នាទាំងស្រុង ។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក បៃដិន នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានលើកឡើងដដែលៗថា ប្រទេសរបស់លោកនឹងបន្តសង្រ្គាមរហូតដល់ប្រទេសនេះសម្រេចបាននូវគោលបំណងទាំងអស់ ។
លោកបានអះអាងជាថ្មីនូវជំហរនោះកាលពីថ្ងៃសៅរ៍ដោយបានបញ្ជាក់ថា “លក្ខខណ្ឌរបស់អ៊ីស្រាអ៊ែលសម្រាប់ការបញ្ចប់សង្គ្រាមមិនមានការផ្លាស់ប្តូរអ្វីនោះទេ ការបំផ្លិចបំផ្លាញផ្នែកយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាថា តំបន់ហ្គាហ្សាលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអ៊ែលទៀតហើយ” ។
ទន្ទឹមនឹងនេះដែរ ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនមានទស្សនៈវិជ្ជមានចំពោះផែនការរបស់អ៊ីស្រាអ៊ែល ដែលដាក់ចេញដោយលោក បៃដិន ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានដាក់ថា “ក្នុងនាមជាអ្នកសម្រុះសម្រួលក្នុងការពិភាក្សាដែលកំពុងបន្ត ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង និងអ្នកឃុំឃាំងនោះ” ពួកគេ “អំពាវនាវឱ្យទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល ឆាប់បញ្ចប់នូវកិច្ចព្រមព្រៀងដែលបូករួមបញ្ចូលនូវគោលការណ៍ដែលគូសបញ្ជាក់ដោយប្រធានាធិបតី ចូ បៃដិន” ទៀតផង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា