បរទេស៖ នាយករដ្ឋមន្ត្រីប្រទេស ហ្សកហ្ស៊ី លោក Irakli Kobakhidze បាននិយាយថា ទីក្រុង Tbilisi ចាំបាច់ត្រូវ “ពិចារណាឡើងវិញ” នូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដោយហេតុថា អង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយអាមេរិក បាននៅពីក្រោយការប៉ុនប៉ងយ៉ាងតិចពីរក្នុងការផ្តួលរំលំរដ្ឋាភិបាល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ហ្សកហ្ស៊ី បន្ទាប់ពីអតីតសាធារណរដ្ឋសូវៀតមួយនេះបានអនុម័តច្បាប់ “ភ្នាក់ងារបរទេស” ដែលត្រូវបានបរិហារដោយលោកខាងលិចថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។
លោក Kobakhidze បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា អ្វីៗជាច្រើនត្រូវបានបំផ្លិចបំផ្លាញនៅក្នុងឆ្នាំទាំងនោះ ហើយនេះត្រូវតែកែតម្រូវ។ “ខ្ញុំមិនដឹងថាហេតុអ្វីបានជាមានការប៉ុនប៉ងធ្វើបដិវត្តន៍ពីរដងក្នុងឆ្នាំ ២០២០-២០២១ ហើយបន្ទាប់មកនៅឆ្នាំ ២០២២។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាមានការប៉ុនប៉ងទាំងនេះទេ ប៉ុន្តែការពិតគឺថាឯកអគ្គរដ្ឋទូតពីមុនរបស់ [អាមេរិក] បានបំផ្លាញអ្វីៗជាច្រើនឆ្នាំ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែម “នេះរាប់បញ្ចូលទាំងអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយអាមេរិក ដែលឈរនៅលើឆាកបដិវត្តន៍ អំពាវនាវឱ្យមានការលាលែងពីតំណែង និងការបង្កើតរដ្ឋាភិបាលដោយមានការចូលរួមរបស់ពួកគេ។ ដូច្នេះទំនាក់ទំនងហ្សកហ្ស៊ី-អាមេរិកចាំបាច់ត្រូវពិចារណាឡើងវិញ»។
លោក Kobakhidze បាននិយាយទៀតថា ប្រទេសហ្សកហ្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយសារតែនេះគឺជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។
សូមជម្រាបថា រដ្ឋាភិបាលនៅទីក្រុង Tbilisi បានរងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីទម្លាក់ច្បាប់ស្តីពីតម្លាភាពនៃឥទ្ធិពលបរទេសដែលបានស្នើឡើង រហូតដល់ពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានគំរាមដាក់ទណ្ឌកម្ម និងការបញ្ឈប់សមាហរណកម្មសហភាពអឺរ៉ុប និងបញ្ឈប់ការដាក់បញ្ចូលហ្សកហ្ស៊ីចូលអង្គការណាតូថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា