ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការដែលអាមេរិកអនុវត្ត”អនុត្តរភាពនាវាចរណ៍”ដោយយក”សេរីភាពនាវាចរណ៍”ធ្វើជាលេស ទើបជាប្រភព ដែលបណ្តាលឱ្យមានហានិភ័យ ខាងសន្តិសុខលើដែនសមុទ្រ និងអាកាស

“ការធ្វើនាវាចរណ៍មិនមែនជាការអនុវត្តអនុត្តរភាពនោះទេ ហើយសេរីភាពក៏មិនអាចប្រព្រឹត្តទៅតាមតែទំទើងចិត្តនោះដែរ”។ពេលថ្មីៗនេះ ក្នុងសន្និសីទកាសែតនៃក្រសួងការពារជាតិចិន ការឆ្លើយសំណួររបស់អ្នកនាំពាក្យចិនអំពីរបាយការណ៍”សេរីភាពនាវាចរណ៍”ក្នុងឆ្នាំសារពើពន្ធ២០២៣ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក គឺមានភាពស៊ីជម្រៅណាស់។ យោងតាមរបាយការណ៍នេះ អាមេរិកបានបំពានលើ”គំនិតផ្តួចផ្តើមលើដែនសមុទ្រហួសហេតុពេក”ចំនួន២៩ប្រការរបស់ប្រទេសឬតំបន់ចំនួន១៧ដែលបូករួមទាំងប្រទេសចិនផងក្នុងឆ្នាំសារពើពន្ធ២០២៣។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ “សេរីភាពនាវាចរណ៍”បានក្លាយជាលេសរបស់អាមេរិក ប្រើប្រាស់ជាញឹកញាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួននិងធ្វើសមយុទ្ធយោធានិងយាមល្បាតរួមនៅគ្រប់ទីកន្លែង។ ចាប់តាំងពីឆ្នាំមុនមក ប្រទេសហ្វីលីពីនបានបំពានចូលដែនសមុទ្រនៃតំបន់ថ្មប៉ប្រះទឹកRen’aiនិងកោះHuangyanរបស់ប្រទេសចិនជាញឹកញាប់ អាមេរិក ជប៉ុននិងហ្វីលីពីនបានធ្វើកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង ហើយបានវាយប្រហារប្រទេសចិនដោយមិនសមហេតុផលអំពីបញ្ហាសមុទ្រចិនខាងត្បូង។ល។

ក្នុងនាមជាបាតដៃខ្មៅនៅពីក្រោយនៃករណីទាំងនេះ ភាគីអាមេរិកបានប្រើពាក្យសំដី”សេរីភាពនាវាចរណ៍”ធ្វើជាលេសម្តងហើយម្តងទៀត។

តើក្នុងមាត់អាមេរិក “សេរីភាពនាវាចរណ៍” គឺជាអ្វី?នៅក្នុងក្រសែភ្នែករបស់អាមេរិក “ក្រៅពីពីដែនសមុទ្រគឺជាសមុទ្រសាធារណ” ដូចនេះ អាមេរិកក៏បានប្រឌិតនិយមន័យនៃ”ដែនសមុទ្រអន្តរជាតិ”ជាពិសេស។ ក្នុងគំនិតនិងទង្វើរបស់អាមេរិក មិនថា នាវាចម្បាំងរបស់អាមេរិកអាចធ្វើដំណើរដោយសេរីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខដែលមានចម្ងាយ២០០ម៉ាយសមុទ្ររបស់ប្រទេសផ្សេងទៀត សូម្បីតែក្នុងចម្ងាយ១២ម៉ាយសមុទ្រនៃប្រទេសតាមឆ្នេរសមុទ្រក៏ដោយ វាក៏អាចធ្វើដំណើរឆ្លងកាត់ដោយ”មិនរងការដាក់កំហិតមិនស្របច្បាប់ពីប្រទេសនេះ”ក្នុងនាមជាការឆ្លងកាត់ដោយគ្មានផលប៉ះពាល់។

អាមេរិកមិនបានចូលរួមក្នុង《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ》ទេ ប៉ុន្តែបែរជាបានប្រើប្រាស់”សេរីភាពនាវាចរណ៍”មកបំពានលើអ្វីដែលហៅថា”គំនិតផ្តួចផ្តើមដែនសមុទ្រហួសហេតុពេក”របស់ប្រទេសដទៃទៀត ការពិតគឺចង់គាំពារអនុត្តរភាពលើដែនសមុទ្រសកលរបស់ខ្លួន។

អាមេរិកតែងតែនិយាយបានតែមាត់ថា “ប្រតិបត្តិការអំពីសរីភាពនាវាចរណ៍”គឺដើម្បីធានាសុវត្ថិភាពនៃផ្លូវសមុទ្រនិងវិបុលភាពពាណិជ្ជកម្មលើសមុទ្រ ប៉ុន្តែតើនេះជាការពិតមែនទេ?
ចាប់ពីឆ្នាំ១៩៩១មក ក្រសួងការពារជាតិអាមេរិកបានចេញផ្សាយតាមពេលកំណត់នូវរបាយការណ៍ស្តីពី”សេរីភាពនាវាចរណ៍”ជារៀងរាល់ឆ្នាំ។ តាមស្ថិតិឱ្យដឹងថា គិតរហូតដល់ឆ្នាំ២០២២ អាមេរិកបានអនុវត្ត”ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍”សរុបចំនួនជាង៦រយដង ចំពោះប្រទេសចំនួនជាង៦០ ហើយបំពានលើអ្វីដែលហៅថា”គំនិតផ្តួចផ្តើមដែនសមុទ្រហួសហេតុពេក”ចំនួនជាង៧រយប្រការ។

បញ្ញាវ័នមួយចំនួនបានធ្វើការស្រាវជ្រាវបង្ហាញថា មុនឆ្នាំ២០០០ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅមិនទាន់ជាគោលដៅចម្បងសម្រាប់”ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍”របស់អាមេរិកនៅឡើយ។ ប៉ុន្តែក្រោយពីឆ្នាំ២០០០ តួនាទីរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងច្បាស់លាស់។

ហេតុអ្វីបានជាមានការប្រែប្រួលបែបនេះ? នេះគឺមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយកត្តាមួយចំនួន ដូចជា អាមេរិកបានបង្វិលការផ្តោតសំខាន់ជាយុទ្ធសាស្រ្តសកលរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ការសង្ស័យជាយុទ្ធសាស្ត្ររបស់អាមេរិកចំពោះប្រទេសចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ និងការឡើងកម្តៅជាបន្តបន្ទាប់នៃវិវាទអំពីអធិបតេយ្យភាពរបស់សមុទ្រចិនខាងត្បូងរវាងហ្វីលីពីននិងចិនជាដើម។

ឆ្នាំ២០២៣ ស្របពេលដែលហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញាប់ កងទ័ពអាមេរិកបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅសមុទ្រចិនខាងត្បូងនិងតំបន់ជុំវិញ។ ដូចដែលអ្នកជំនាញបានថ្លែងថា “ប្រតិបត្តិការអំពីសេរីភាពនាវាចរណ៍”របស់អាមេរិកគ្មានទំនាក់ទំនងទាល់តែសោះជាមួយការគាំពារសន្តិសុខផ្លូវនាវាចរណ៍អន្តរជាតិនិងវិបុលភាពនៃពាណិជ្ជកម្មលើសមុទ្រដែលពួកគេបានអួតអាងនោះទេ តែគឺជាឧបករណ៍យោធាសម្រាប់ជំរុញយុទ្ធសាស្ត្រសកលរបស់អាមេរិក និងគាំពារផលប្រយោជន៍សន្តិសុខរបស់អាមេរិក។

តាមពិតទៅ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងអាស៊ាន សេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង មិនមានបញ្ហាអ្វីជាប់រហូត។ ការដែលអាមេរិកអនុវត្ត”អនុត្តរភាពនាវាចរណ៍”ដោយយក”សេរីភាពនាវាចរណ៍” ធ្វើជាលេស ទើបជាប្រភពដែលបណ្តាលឱ្យមានហានិភ័យខាងសន្តិសុខលើដែនសមុទ្រនិងអាកាស៕

To Top