បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជឿជាក់ថា ការពង្រីកខ្លួនទៅទិសខាងកើតរបស់អង្គការណាតូ មិនមែនជារឿងដែលគួរឲ្យស្តីបន្ទោសចំពោះការផ្ទុះឡើងនៃជម្លោះយោធារវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ។
ក្នុងនោះលោករដ្ឋមន្ត្រីក៏បានចាត់ទុកក្រុងមូស្គូថាជាភាគីទទួលខុសត្រូវតែម្នាក់គត់សម្រាប់ការបង្ហូរឈាមស្របនឹងនិទានកថាលោកខាងលិចដែលមានជាយូរមកហើយ។
ប្រធានាធិបតី Vladimir Putinបានកំណត់សេចក្តីប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូថាជាហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់សកម្មភាពយោធា។
ក្រៅពីនោះវិមានក្រឹមឡាំងបានមើលឃើញថា សមាជិកភាពដ៏មានសក្តានុពលរបស់ទីក្រុងគៀវ នៅក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏សំខាន់ដល់សន្តិសុខជាតិរបស់រុស្ស៊ីទៀតផង។
ក្នុងអំឡុងវេទិកាការពារជាតិ Shangri-La ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ លោក Cao Yanzhong អ្នកកាសែតចិន និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាសង្គ្រាមរបស់ប្រទេសនេះបានលើកឡើងដែរថា ការពង្រីកខ្លួនទៅភាគខាងកើតនៃអង្គការណាតូគឺជាមូលហេតុពិតប្រាកដដែលនាំឱ្យមានវិបត្តិអ៊ុយក្រែននេះ។
ទោះបីជាយ៉ាងណាក្តីប្រមុខការពារជាតិអាមេរិកបានឆ្លើយតបថា៖ខ្ញុំមិនយល់ស្របចំពោះចំណុចរបស់អ្នកដែលថាការពង្រីកអង្គការណាតូបណ្តាលឱ្យមានវិបត្តិអ៊ុយក្រែននោះឡើយហើយ វិបត្តិអ៊ុយក្រែនច្បាស់ណាស់គឺបណ្តាលមកពីលោកPutinបានសម្រេចចិត្តឈ្លានពានប្រទេសជិតខាងដោយខុសច្បាប់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី