ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញ​ជំហរ បន្ត​ការគាំទ្រ​អ៊ុយក្រែន

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Minoru Kihara បានសម្តែងការគាំទ្ររបស់ជប៉ុន បន្តសម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនទប់ទល់នឹ ងការឈ្លានពានរបស់រុស្ស៊ី នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែនលោក Rustem Umerov នៅក្រៅវេទិកាសន្តិសុខក្នុងប្រទេសសិង្ហបុរី។

លោក Kihara បានប្រាប់លោក Umerov ឲ្យដឹងថា “ទង្វើដ៏អាក្រក់របស់រុស្ស៊ី គឺមិនអាចទទួលយកបានទាំងស្រុង” ហើយបានប្តេជ្ញាថា ប្រទេសជប៉ុននឹងសហការ ជាមួយសហគមន៍អន្តរជាតិ ក្នុងការជួយអ៊ុយក្រែនជាមួយនឹង “អារម្មណ៍នៃវិបត្តិ” ខណៈដែលអ្វីដែលបានកើតឡើង នៅទីនោះក៏អាចកើតឡើងនៅអាស៊ីបូព៌ាផងដែរ។

ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងអំពីសេណារីយ៉ូ ដ៏មានសក្តានុពលមួយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ក្រោមការគំរាមកំហែងផ្នែកយោធាពីចិនដីគោក ដែលទាមទារវាជាទឹកដីរបស់ខ្លួន។

លោក Umerov ដែលកំពុងអមដំណើរប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅឯការជួបជុំនៅសិង្ហបុរី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសជប៉ុន នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។

ចាប់តាំងពីការឈ្លានពានពេញលក្ខណៈ របស់រុស្ស៊ីមកអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ទីក្រុងតូក្យូបានផ្តល់ជំនួយ ហិរញ្ញវត្ថុដល់ទីក្រុងគៀវ ក៏ដូចជាឧបករណ៍ការពារ ដែលមិនមានគ្រោះថ្នាក់ដូចជាយានយន្ត អាវការពារគ្រាប់កាំភ្លើង និងយន្តហោះដ្រូន ហើយជប៉ុន​ក៏​បាន​ទទួល​យក​ទាហាន​អ៊ុយក្រែន ​ដែល​រង​របួស​ទៅ​ព្យាបាលផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top