ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក កូរ៉េខាងត្បូង នឹងរៀបចំកិច្ចសហប្រតិបត្តិការ សន្ដិសុខត្រីភាគី

kyodo

តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យក្នុងប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍក្របខ័ណ្ឌមួយក្នុងឆ្នាំនេះ ដើម្បី “រៀបចំ” កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដែលពាក់ព័ន្ធនឹងការពិគ្រោះយោបល់គោលនយោបាយកម្រិតជាន់ខ្ពស់ ការចែករំលែកព័ត៌មាន និងសមយុទ្ធរួមគ្នា។

បន្ទាប់ពីកិច្ចព្រមព្រៀងដោយមេដឹក នាំប្រទេសទាំងបី កាលពីខែសីហា ឆ្នាំមុន ដើម្បីធ្វើសមយុទ្ធការពារត្រីភាគីពហុ ដែនដីជាទៀងទាត់ពួកគេបានសម្រេចចិត្ត ធ្វើសមយុទ្ធថ្មីមួយ ដែលមានឈ្មោះថា Freedom Edge នៅរដូវក្តៅនេះ ក៏ដូចជាសមយុទ្ធត្រីភាគី ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែង នៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងសមភាគីកូរ៉េខាងត្បូងលោក Shin Won Sik នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីរយៈពេលបីថ្ងៃនៅប្រទេសសិង្ហបុរីរហូតដល់ថ្ងៃអាទិត្យ ដែលត្រូវបានគេស្គាល់ថា កិច្ចសន្ទនា Shangri-La ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រមុខការពារជាតិទាំងបី បានថ្កោលទោសការបាញ់ សាកល្បងមីស៊ីលផ្លោងជាច្រើន គ្រាប់នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងការបាញ់បង្ហោះនូវអ្វីដែលក្រុងព្យុងយ៉ាងអះអាងថា ជាផ្កាយរណបឈ្លបយកការណ៍យោធា។

កាលពីខែធ្នូកន្លងទៅ ប្រទេសទាំងបីបានដំណើរការយ៉ាងពេញ លេញនូវប្រព័ន្ធមួយ ដើម្បីចែករំលែកព័ត៌មាន ក្នុងពេលជាក់ស្តែងក្នុងចំណោមពួកគេ អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

ប្រមុខការពារជាតិទាំងបី បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើនប្រសិទ្ធភាពបន្ថែមទៀត នូវយន្តការចែករំលែកទិន្នន័យនៅចុងឆ្នាំនេះ ដើម្បីធានានូវសមត្ថភាពក្នុងការទប់ស្កាត់ និងប្រឆាំងការបង្កហេតុប្រកបដោយប្រសិទ្ធភាព៕
ប្រែសម្រួល ឈូក បូរ៉ា

To Top