គ៊ែរ៖ ទូរទស្សន៍ Al-Qahera News របស់អេហ្ស៊ីបបានរាយការណ៍ថា ទីក្រុងគែរ បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ីស្រាអែល ក្នុងការដកខ្លួនចេញ ពីភាគីប៉ាឡេស្ទីន នៃច្រកឆ្លងកាត់រ៉ាហ្វា ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។
កិច្ចប្រជុំត្រីភាគី ដែលចូលរួម ដោយគណៈប្រតិភូមកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានធ្វើឡើងនៅទីក្រុងគែរ ដោយពិភាក្សាអំពីការបើកឡើងវិញ នូវផ្លូវឆ្លងកាត់រ៉ាហ្វា រវាងអេហ្ស៊ីប និងតំបន់ហ្គាហ្សាស្ទ្រីប។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ គណៈប្រតិភូអេហ្ស៊ីបបានឲ្យដឹងថា អ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុង ចំពោះការបញ្ឈប់ការចូលនៃសម្ភារៈសង្គ្រោះ និងជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីនាំយក រថយន្តជំនួយយ៉ាងហោចណាស់ ៣៥០គ្រឿង ចូលទៅក្នុងតំបន់នេះជារៀងរាល់ថ្ងៃ ។
ច្រកឆ្លងកាត់ដែលជាច្រកសំខាន់ សម្រាប់ដឹកជញ្ជូនអ្នកឈឺ និងរបួសនៅខាងក្រៅតំបន់ហ្គាហ្សា សម្រាប់ការព្យាបាល និងការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះទៅកាន់តំបន់នោះ ត្រូវបានបិទចាប់តាំងពីអ៊ីស្រាអែល បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់ហ្គាហ្សា របស់ខ្លួនកាលពីថ្ងៃទី០៧ ខែឧសភា។
អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់ ដែលមិនធ្លាប់មានពីមុនមកលើភាគខាងត្បូង អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១,២០០នាក់៕
ប្រែសម្រួល ឈូក បូរ៉ា