បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ខណៈដែលសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសកំពុងឈានចូលដល់ខែទីប្រាំបួនថា ទីក្រុងគៀវនឹងធ្វើការដើម្បី ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទសន្តិសុខ Shangri-La Dialogue ប្រចាំឆ្នាំ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនពី “ភេរវករ ហាម៉ាស ” ។
លោកក៏បានលើកឡើងពីការព្រួយបារម្ភ អំពីស្ថានការណ៍មនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ។
លោក ហ្សេលេនស្គី បានកត់សម្គាល់ថា “បន្ទាប់ពីអ៊ីស្រាអែលបានចូលទឹកដី ហ្គាហ្សា គឺមានវិបត្តិមនុស្សធម៌” លោកបានកត់សម្គាល់ដោយបន្ថែមថា ទីក្រុងត្រៀមខ្លួនជាស្រេចក្នុងការជួយ ជាមួយនឹងការផ្តល់ជំនួយដល់ តំបន់ដែលហ៊ុំព័ទ្ធមួយនេះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា “ច្បាប់អន្តរជាតិត្រូវតែគោរព” ។ “អ៊ុយក្រែននឹងទទួលស្គាល់រដ្ឋពីរ៖ អ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយនឹងធ្វើគ្រប់យ៉ាង ដើម្បីធ្វើឱ្យអ៊ីស្រាអែលបញ្ឈប់ ដូច្នេះជម្លោះនេះអាចនឹងបញ្ចប់ ហើយជនស៊ីវិលនឹងមិនរងគ្រោះទៀតឡើយ» ៕
ប្រែសម្រួលៈ ណៃ តុលា