បរទេស៖ ក្រសួងសន្តិសុខសាធារណៈរឹបអូសបានលុយជិត ១៤លានដុល្លារ , មាសគិតជាប្រាក់ប្រមាណ ១,៧លានដុល្លារ និងប្លង់ដីជាង ១.០០០សន្លឹកពីជនសង្ស័យពាក់ព័ន្ធនឹងករណីពុករលួយនៅក្រុមអចលនទ្រព្យ Phuc Son។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ Hoang Anh Tuyen នាយរងការិយាល័យរបស់ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃសៅរ៍ថា ប៉ូលីសបានបើកការស៊ើបអង្កេតទៅលើបុគ្គលចំនួន ២៣នាក់ ហើយកំពុងប្រមូលផ្តុំឯកសារ និងភស្តុតាងដើម្បីយកមកវិញនូវទ្រព្យសម្បត្តិដែលបានបាត់បង់ និងត្រូវបានកេងប្រវ័ញ្ច។
ករណីនៅក្រុមហ៊ុន Phuc Son ដែលជាក្រុមហ៊ុនសំណង់ និងអចលនវត្ថុដែលមានមូលដ្ឋាននៅភាគខាងជើង បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ជាមួយនឹងការចាប់ខ្លួនប្រធាន Nguyen Van Hau ។
ក្នុងរយៈពេលបីខែកន្លងមកនេះ មន្ត្រីជាច្រើនត្រូវបានចាប់ខ្លួន។ ក្នុងនោះមានថ្នាក់ដឹកនាំជាន់ខ្ពស់បួនរូបនៅខេត្ត Vinh Phuc , អតីតប្រធានបក្សខេត្តឈ្មោះ Hoang Thi Thuy Lan , អតីតអនុប្រធានអចិន្ត្រៃយ៍បក្ស Pham Hoang Anh , អតីតប្រធានខេត្ត Le Duy Thanh និងអតីតអនុប្រធាន Nguyen Van Khuoc ។ អ្នកទាំងនោះ កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការចោទប្រកាន់ពីបទទទួលសំណូក៕ ប្រែសម្រួលៈ ណៃ តុលា