ព័ត៌មានអន្តរជាតិ

យន្តហោះ២គ្រឿង ប៉ះគ្នាលើអាកាសក្នុងព្រឹត្តិការណ៍ Beja Air Show នៅប្រទេសព័រទុយហ្គាល់ ស្លាប់ពិឡុតម្នាក់ និងរបួសធ្ងន់ម្នាក់

RT News

បរទេស៖ យន្តហោះពីរគ្រឿងបានបុកគ្នា នៅកណ្តាលអាកាសអំឡុង ពេលព្រឹត្តិការណ៍សម្តែងរបស់យន្តហោះ Beja Air Show នៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យអ្នកបើកយន្តហោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុដ៏គ្រោះថ្នាក់នេះ បានកើតឡើងក្នុងអំឡុងពេលបង្ហាញក្នុងព្រឹត្តិការណ៍ដោយក្រុម Yaksars ដែលជាក្រុមអាកាសចរព័រទុយហ្គាល់-អេស្បាញ ដែលហោះហើរយន្តហោះ Yakovlev Yak-52 ដែលជាយន្តហោះហ្វឹកហាត់ពីសម័យសូវៀត។ វីដេអូជាច្រើននៃការធ្លាក់នេះ ត្រូវបានថតដោយអ្នកទស្សនាដែលបានប្រមូលផ្តុំគ្នាដើម្បីមើលកម្មវិធី។

វីដេអូពីកន្លែងកើតហេតុបង្ហាញពីយន្តហោះ Yak-52 ចំនួន៦គ្រឿងកំពុងហោះហើរក្នុងទម្រង់ជាគ្រាប់ពេជ្រយ៉ាងតឹងរ៉ឹង ដោយយន្តហោះមួយគ្រឿងក្នុង ចំណោមយន្តហោះទាំងនោះបានធ្លាក់ចេញពីក្រុម និងនៅខាងក្រោយ។ យន្តហោះ​ដែល​ទំនង​ជា​បញ្ចេញ​ផ្សែង​ចេញ​ពី​ ម៉ាស៊ីន​របស់​វា​បាន​ឡើង​ភ្លាម​ៗ ​ហើយ​បុក​យន្តហោះមួយ​គ្រឿងទៀត។

យន្តហោះដែលសន្មត់ថាដំណើរការខុសប្រក្រតី បន្ទាប់មកបានធ្លាក់ និងបានផ្ទុះ និងសម្លាប់អ្នកបើកបរ។

វីដេអូមួយទៀតបង្ហាញឱ្យឃើញថា យន្តហោះដែលបានបុកចំកណ្តាលអាកាស បានធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវរត់ ប៉ុន្តែបានរអិលនៅពេលឈប់។ តាមសេចក្តីរាយការណ៍, ឡុតរបស់យន្តហោះនោះ បានរងរបួសធ្ងន់ធ្ងរ ដែលមិនបានបញ្ជាក់ច្បាស់លាស់។

កងទ័ពអាកាសព័រទុយហ្គាល់បានទទួល ស្គាល់ឧបទ្ទវហេតុនេះ ដោយបង្ហាញថា អ្នកបើកយន្តហោះដែលបាន ស្លាប់គឺជាជនជាតិអេស្ប៉ាញ។ បន្ទាប់ពីការធ្លាក់នោះ ព្រឹត្តិការណ៍សម្តែងរបស់យន្តហោះ ត្រូវបានបញ្ចប់មុនកាលកំណត់ ហើយអ្នកទស្សនាទាំងអស់បានជម្លៀសចេញដោយសុវត្ថិភាពពីកន្លែងនោះ៕
ប្រែសម្រួល: ណៃ តុលា

To Top