បរទេស៖ អគ្គលេខាធិការនៃប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក គឺអង្គការណាតូ បានទទួលស្គាល់ថា កម្រិតនៃការផលិតអាវុធ និងគ្រាប់រំសេវរបស់រុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយអ៊ុយក្រែន គឺបានលើសពីការរំពឹងទុករបស់អង្គការណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Sky News កាលពីថ្ងៃច័ន្ទ លោក Jens Stoltenberg ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការសិក្សាដែលបានចេញផ្សាយកាលពីខែមុនដោយក្រុមហ៊ុនប្រឹក្សាយោបល់ Bain & Company ដែលបានបង្ហាញថា ទីក្រុងម៉ូស្គូកំពុងផលិតគ្រាប់កាំភ្លើងធំក្នុងអត្រាច្រើនជាងបីដងនៃអត្រាបើធៀបជាមួយសមាជិកណាតូទាំងអស់។
លោក Stoltenberg បានឆ្លើយតបថា “វាត្រឹមត្រូវដែលរុស្ស៊ីអាចបង្កើតឧស្សាហកម្មការពារជាតិរបស់ពួកគេបានលឿនជាងអ្វីដែលយើងរំពឹងទុក ហើយវាជាការត្រឹមត្រូវដែលសម្ព័ន្ធមិត្តណាតូបានចំណាយពេលវេលាច្រើនជាងអ្វីដែលពួកគេគួរតែបង្កើនការផលិតរបស់យើង” ។
លោកបានពន្យល់ថា ហេតុផលសម្រាប់ប្រទេសលោកខាងលិចដើរថយក្រោយ គឺថា “ក្រោយសង្គ្រាមត្រជាក់ យើងពិតជាបានកាត់បន្ថយឧស្សាហកម្មការពារជាតិរបស់យើង”។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Stoltenberg ស្ថានភាពពេលនេះកំពុងមានភាពប្រសើរឡើង ដោយ “សម្ព័ន្ធមិត្តណាតូទាំងអស់… បង្កើនសមត្ថភាពផលិតគ្រាប់រំសេវ និងសព្វាវុធ”៕ ប្រែសម្រួលៈ ណៃ តុលា
