ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងរបស់ក្រុមហាម៉ាសនៅក្នុងជំរុំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាមួយនឹងកងកម្លាំងជើងគោកដែលកំពុងប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងតំបន់ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ នេះបើតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Avichay Adraee។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Adraee បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានធ្វើ “ប្រតិបត្តិការវាយឆ្មក់យ៉ាងជាក់លាក់” នៅក្នុងសង្កាត់ Sabra នៃទីក្រុងហ្គាហ្សា កាលពីសប្តាហ៍មុន ដោយបានរកឃើញក្បាលគ្រាប់រ៉ុក្កែត ដែលលាក់នៅក្នុងថង់ ដែលជាកម្មសិទ្ធិរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA)។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា មិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់អ៊ីស្រាអែលនោះទេ។
លោក Adraee ក៏បានប្រកាសពីការបញ្ចប់ការបំផ្លិចបំផ្លាញនៃផ្លូវរូងក្រោមដីដែលមានប្រវែង ១,៥ គីឡូម៉ែត្រ និងជម្រៅ ២៣ ម៉ែត្រកាលពីថ្ងៃចន្ទ។ ផ្លូវរូងក្រោមដី ដែលប្រើដោយក្រុមហាម៉ាស់ បានឆ្លងកាត់តំបន់ ដែលកងកម្លាំងអ៊ីស្រាអែលឈរជើង។ ទីតាំងពិតប្រាកដនៃផ្លូវរូងក្រោមដីមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
កាលពីថ្ងៃទី០៧ ខែឧសភា យោធាអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការរបស់ខ្លួននៅទីក្រុងរ៉ាហ្វា ដោយបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ១,៥ លាននាក់ឱ្យផ្លាស់ទៅទីក្រុង Khan Younis និងតំបន់កណ្តាលហ្គាហ្សាផ្សេងទៀត។ ប្រភពពី UNRWA ប៉ាន់ប្រមាណថា តំបន់ទាំងនេះឥឡូវនេះផ្តល់ជម្រកដល់ប្រជាជនប្រហែល ១,៧ លាននាក់។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ក្នុងការសងសឹកចំពោះការវាយលុកកាលពីខែតុលារបស់ក្រុមទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងជាង ២០០ ចំណាប់ខ្មាំងត្រូវបានចាប់ខ្លួន៕ ប្រែសម្រួល ឈូក បូរ៉ា