បរទេស៖ បុរសជាបរទេសអាយុ ៣៦ឆ្នាំម្នាក់ ត្រូវបានចាក់សម្លាប់នៅក្នុងសង្កាត់លេខ១ នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងជម្លោះជាមួយអ្នកផ្សេង កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នគរបាលសង្កាត់លេខ១ បានចាប់ខ្លួនជនសង្ស័យក្នុងថ្ងៃដដែលពីបទឃាតកម្ម ប៉ុន្តែអត្តសញ្ញាណមិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។
មុនពេលថ្ងៃត្រង់ អ្នកស្រុកនៅតាមផ្លូវ Thai Van Lung បានឃើញជនបរទេសពីរនាក់កំពុងឈ្លោះជាមួយជនជាតិវៀតណាមម្នាក់។ មួយសន្ទុះក្រោយមក គេឃើញជនបរទេសម្នាក់ យកដៃខ្ទប់ទ្រូង មុនពេលដួលទៅលើដី។ ជនបរទេសរូបនោះ មានហូរឈាមយ៉ាងច្រើន ហើយក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។
ជនបរទេសរូបនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Saigon ដោយគ្រូពេទ្យបាននិយាយថា វត្ថុមុតស្រួចត្រូវបានគេចាក់ចំកញ្ចឹងក ហើយធ្លាយមកទ្រូងផ្នែកខាងឆ្វេង។ ក្រោយមកគាត់បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក៕ ប្រែសម្រួលៈ ណៃ តុលា