ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា នឹងសងសឹក ប្រសិនបើ ដំណោះស្រាយប្រឆាំងទីក្រុងតេអេរ៉ង់ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំ IAEA

Xinhua

តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានព្រមានថា ប្រទេសនេះនឹងចាត់វិធានការសងសឹក ប្រសិនបើភាគីមួយចំនួននៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្វែងរកការដាក់សម្ពាធ ឬអនុម័ត “ដំណោះស្រាយប្រឆាំងនឹងទីក្រុងតេអេរ៉ង់” ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សា ដែលកំពុងដំណើរការនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។

ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានធ្វើការថ្លែងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅពេលមកដល់អាកាសយានដ្ឋាននៃទីក្រុង Shahrekord ក្នុងខេត្ត Chaharmahal និង Bakhtiari ភាគខាងលិចប្រទេសអ៊ីរ៉ង់។

លោកបានលើកឡើងថា អ៊ីរ៉ង់បានជូនដំណឹងដល់ភាគីផ្សេងទៀតអំពីប្រតិកម្មសក្តានុពលរបស់ខ្លួន ដោយកត់សម្គាល់ថា “ប្រសិនបើភាគីផ្សេងទៀតត្រឡប់ទៅការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ក៏នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនដែរ”។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួមជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយទទួលយកការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ខែឧសភា ឆ្នាំ​២០១៨​។

លោក Eslami បានបន្ថែមថា ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលនៃការកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ដោយផ្អែកលើច្បាប់យុទ្ធសាស្ត្រដែលបានអនុម័តដោយសភារបស់ប្រទេសក្នុងឆ្នាំ២០២០ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយពន្យល់ថា ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយការបរាជ័យរបស់ភាគីផ្សេងទៀត ចំពោះកិច្ចព្រមព្រៀងនេះ ជាពិសេសសហរដ្ឋអាមេរិក ដើម្បីគោរពការសន្យារបស់ពួកគេក្រោមកិច្ចព្រមព្រៀង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top