បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនកំពុងបាត់បង់កងកម្លាំងយោធាយ៉ាងហោចណាស់៥ម៉ឺន នាក់ក្នុងមួយខែ ពោលគឺច្រើនជាង៥ដងនៃយោធារុស្ស៊ី។
លោកPutinថ្លែងបែបនេះពេលកំពុងនិយាយជាមួយអ្នកសារព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានអន្តរជាតិនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF)។
ខណៈពេលដែលមិនបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសរបស់រុស្ស៊ី លោកPutinបាននិយាយថា ចំនួននៃការខាតបង់ដែលមិនអាចយកមកវិញបានគឺយ៉ាងហោចណាស់ប្រាំដងតិចជាងចំនួនដែលកើតឡើងដោយកងកម្លាំងរបស់ទីក្រុងគៀវ។
ប្រធានាធិបតីបានបង្ហើបដែរថា បច្ចុប្បន្នមានទាហានរុស្ស៊ីចំនួន១៣៤៨នាក់ត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ុយក្រែនជាអ្នកទោសសង្គ្រាម ខណៈទាហានអ៊ុយក្រែន ៦៤៦៥ នាក់កំពុងជាប់ឃុំឃាំងរុស្ស៊ី។
លោកPutinបានពន្យល់ទៀតថា អ៊ុយក្រែនមានលទ្ធភាពប្រមូលកងទ័ពប្រហែល៣ម៉ឺននាក់ក្នុងមួយខែ ហើយប៉ុន្តែ មិនមានអ្នកស្ម័គ្រចិត្តច្រើនទេ៕
ប្រែសម្រួល៖ស៊ុនលី