បរទេស ៖ ប្រធាននាយកដ្ឋាន ស៊ើបអង្កេតយុទ្ធសាស្ត្រ លោក Andrey Rubel បានអះអាងកាលពីថ្ងៃអង្គារក្នុងបទសម្ភាសន៍ជាមួយ RBK-Ukraineថា ប៉ូលីសជាតិនៃប្រទេសអ៊ុយក្រែន បានរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីប្រហែល ១ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា មូលនិធិដែលរឹបអូសបានបច្ចុប្បន្ន ត្រូវបានគេប្រើប្រាស់ដើម្បីបំពេញតម្រូវការរបស់ប្រទេស។ លោក Andrey Rubel បានបញ្ជាក់ថា ទីក្រុងគៀវ បានរឹបអូសឧទ្ធម្ភាគចក្រ Bell-427, យន្តហោះ Gulfstream G650, ឡានដឹកទំនិញចំនួន ៤៧ គ្រឿង , រថយន្ត ៥៥ គ្រឿង និងរថយន្តសណ្តោងចំនួន៣គ្រឿង ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត ។
លោកបន្តថា “សរុបមក ទ្រព្យសម្បត្តិដែលមានតម្លៃ ៣៨ពាន់លានហ្គ្រវីណា (ប្រហែល ៩៤០លានដុល្លារ) ត្រូវបានរកឃើញ និងរឹបអូស។ ទ្រព្យសម្បត្តិទាំងអស់នោះ គឺដើម្បីផលប្រយោជន៍ និងតម្រូវការរបស់អ៊ុយក្រែន រួមទាំងតម្រូវការរបស់យោធាផងដែរ»។
អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមរឹបអូសទ្រព្យសម្បត្តិរបស់អ្នកជំនាញអាជីវកម្ម និងក្រុមហ៊ុនរុស្ស៊ីភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងម៉ូស្គូក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
នៅខែមីនាឆ្នាំ២០២២ លោក Vladimir Zelensky ប្រធានាធិបតីរបស់អ៊ុយក្រែន បានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិ ដោយបង្ខំដែលជាកម្មសិទ្ធិរបស់រុស្ស៊ី និងអ្នករស់នៅរុស្ស៊ី។ នៅខែបន្ទាប់ សភាអ៊ុយក្រែន Verkhovna Rada បានអនុម័តច្បាប់ដែលមានគោលបំណងធ្វើជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនរុស្ស៊ី ពលរដ្ឋរុស្ស៊ី និងប្រជាជនអ៊ុយក្រែនដែលគាំទ្រប្រតិបត្តិការយោធា របស់ប្រទេសជិតខាងមួយនេះ៕
ប្រែសម្រួលៈ ណៃ តុលា