ព័ត៌មានអន្តរជាតិ

មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់កងកម្លាំងប៉ារ៉ា នៅភាគកណ្តាលប្រទេសស៊ូដង់

AFP

កាធុម៖ មនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) លើភូមិមួយក្នុងរដ្ឋ Gezira ភាគកណ្តាល នៃប្រទេសស៊ូដង់។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) មិនទាន់ឆ្លើយតបនៅឡើយទេ ។ យ៉ាងណាក៏ដោយកងកម្លាំង RSF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រយុទ្ធរបស់ខ្លួន បានវាយប្រហារក្រុម Mustanfareen ដែលមានន័យថា “ការតស៊ូដ៏ពេញនិយម” ដែលកំពុងប្រយុទ្ធជាមួយកង ទ័ពស៊ូដង់នៅក្នុងតំបន់។

គណៈកម្មាធិការតស៊ូមកពីរដ្ឋធានីរដ្ឋ Wad Madani បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង “ដោយសារមានអ្នករបួសជាច្រើន ដោយខ្លះទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ” នៅក្នុងការវាយប្រហារបានកើតឡើងនៅក្នុងភូមិ Wad Al-Noura ។

កងកម្លាំង RSF បានចាប់ផ្តើមការវាយឆ្មក់របស់ខ្លួនកាលពីថ្ងៃពុធ ដោយប្រើអាវុធធុនស្រាល និងមធ្យម បន្ទាប់ពីការឡោមព័ទ្ធរយៈពេលពីរថ្ងៃ សាក្សីម្នាក់មកពីភូមិបានប្រាប់ស៊ីនហួ ដោយបន្ថែមថា ការបិទផ្លូវសំខាន់ៗបានរារាំង ការដឹកជញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ នេះ ក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បានចោទប្រកាន់កងកម្លាំង RSF ថាបានប្រព្រឹត្ត “ការសម្លាប់រង្គាល” នៅក្នុងភូមិ Wad Al-Noura ដែលស្ថិតក្នុង “អាកប្បកិរិយាជាប្រព័ន្ធ នៃការកំណត់គោលដៅ ជនស៊ីវិល លួចទ្រព្យសម្បត្តិរបស់ពួកគេ និងបង្ខំឱ្យពួកគេចាកចេញ ពីតំបន់របស់ពួកគេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top