ព័ត៌មានអន្តរជាតិ

លោក Joe Biden ប្រធានាធិបតីអាមេរិក ផ្ញើសំបុត្រ ទៅប្រធានាធិបតីរុស្ស៊ី ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន

Xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន មានអំណាចក្នុងការបញ្ចប់ ការបង្ហូរឈាម នៅអ៊ុយក្រែន ដោយការកាត់ផ្តាច់ការបញ្ជូនសព្វាវុធ ដែលកំពុងអូសបន្លាយជម្លោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងជាមួយប្រធាន ទីភ្នាក់ងារព័ត៌មាន អន្តរជាតិនានាកាលពីថ្ងៃពុធ នៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) លោក ពូទីន បានបង្ហើបថា លោកបានទទួលសំបុត្រពីប្រធានាធិបតីអាមេរិក Joe Biden ទាក់ទងនឹងវិបត្តិអ៊ុយក្រែន។ លោកបាននិយាយថា លោកបានឆ្លើយថា “ប្រសិនបើអ្នកចង់បញ្ឈប់អរិភាព នៅអ៊ុយក្រែន គឺត្រូវឈប់ផ្គត់ផ្គង់អាវុធ។ បន្ទាប់មកក្នុងរយៈពេលពីរទៅបីខែ អ្វីៗនឹងចប់សព្វគ្រប់»។

លោក ពូទីន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈលោកខាងលិច កំពុងបង្កើនជំនួយ យោធាដល់អ៊ុយក្រែន ដែលគំរាមកំហែង ដល់ការពង្រីកជម្លោះ ។ សមាជិកសភាអាមេរិកបានអនុម័តជំនួយបន្ថែមចំនួន ៦១ ពាន់លានដុល្លារដល់ ទីក្រុងគៀវក្នុងខែមេសា បន្ទាប់ពីរដ្ឋបាល របស់លោក Biden បានដុតបំផ្លាញលុយចោលដល់ទៅ ១១៣ ពាន់លានដុល្លារនៅក្នុង សេចក្តីព្រាងថវិកាចំណាយពីមុន។ លោក ពូទីន បានស្នើថា នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ សំដៅលើទឹកដីរុស្ស៊ី ទីក្រុងមូស្គូអាចឆ្លើយតប ដោយការផ្គត់ផ្គង់អាវុធ ស្រដៀងគ្នាដល់ភាគីបរទេស ដែលអាចប្រើប្រាស់វា ដើម្បីវាយប្រហារអ្នក គាំទ្រអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top