នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ស្ថានីយទូរទស្សន៍ជប៉ុនជាច្រើនបានចាក់ផ្សាយវីដេអូឃ្លីបបែបនេះ៖មន្ត្រីជួររដ្ឋាភិបាលជប៉ុនដែលមានទឹកមុខដ៏ម៉ឺងម៉ាត់ជាច្រើននាក់បានប្រញាប់ប្រញាល់ចូលទៅក្នុងទីស្នាក់ការទូទៅនៃក្រុមហ៊ុន SUZUKI ដើម្បីធ្វើកាត្រួតពិនិត្យរចំពោះសហគ្រាសផលិតរថយន្តឈានមុខគេរបស់ជប៉ុននេះ ។
នៅប៉ុន្មានថ្ងៃមុន សហគ្រាសផលិតរថយន្តរបស់ជប៉ុនចំនួន ៥ ដែលបូករួមទាំងក្រុមហ៊ុន SUZUKI ផងដែរត្រូវបានទម្លាយឱ្យដឹងថា បានក្លែងបន្លំទិន្នន័យក្នុងដំណាក់កាលធ្វើតេស្តដែលបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ អ្នកវិភាគបានលើកឡើងថា ឧស្សាហកម្មរថយន្តគឺជាឧស្សាហកម្មសសរទ្រទ្រូងនៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុន ហើយផលប៉ះពាល់ជាបន្តបន្ទាប់នៃរឿងអាស្រូវក្លែងបន្លំអាចនឹងកាន់តែជ្រាលជ្រៅ ។
រឿងអាស្រូវក្លែងបន្លំនៃសហគ្រាសផលិតរថយន្តរបស់ជប៉ុនដែលត្រូវបានបែកធ្លាយលើកនេះ គឺ បានចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៣ ។ នៅពេលនោះ អ្នកដាក់ពាក្យប្ដឹងម្នាក់ពីផ្ទៃក្នុងក្រុមហ៊ុនផលិតរថយន្ត DAIHATSU បានប្រគល់ឯកសារអំពីការក្លែងបន្លំពាក់ព័ន្ធនឹងក្រុមហ៊ុននេះជូនទៅស្ថាប័នគមនាគមន៍របស់ជប៉ុន ។ ខ្លឹមសារជាក់ស្តែងគឺថា នៅពេលដែលក្រុមហ៊ុន DAIHATSU បានបញ្ចប់ការធ្វើតេស្តនៃការបុកគ្នារបស់ស៊េរីរថយន្តពាក់ព័ន្ធរួចហើយ ពួកគេបានក្លែងបន្លំទិន្នន័យធ្វើតេស្ត បន្ទាប់មក ក៏បានប្រគល់ជូនទៅស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រង ។
ធ្នូ ឆ្នាំ ២០២៣ រដ្ឋាភិបាលជប៉ុនបានប្រកាសលទ្ធផលស៊ើបអង្កេតថា ប្រវត្តិសាស្រ្តក្លែងបន្លំរបស់ក្រុមហ៊ុនផលិតរថយន្ត DAIHATSU មានតាំងពីចុងទសវត្សរ៍ឆ្នាំ ៨០ នៃសតវត្សរ៍មុនមកម្ល៉េះ ពោលគឺ ទង្វើក្លែងបន្លំរបស់ក្រុមហ៊ុន DAIHATSU បានអូសបន្លាយជាង ៣០ ឆ្នាំ ។
ដល់ចុងខែឧសភា ឆ្នាំនេះ បន្ទាប់ពីការស៊ើបអង្កេតបន្ថែមទៀត ស្ថាប័នគមនាគមន៍របស់ជប៉ុនបានរកឃើញថា “ករណីក្លែងបន្លំរបស់ក្រុមហ៊ុន DAIHATSU “គ្រាន់តែជាមួយជ្រុងតូចនៃការក្លែងបន្លំរបស់សហគ្រាសផលិតរថយន្តជប៉ុនតែប៉ុណ្ណោះ ។ សហគ្រាសដែលពាក់ព័ន្ធនឹងករណីក្លែងបន្លំក៏បូករួមទាំងស៊េរីរថយន្តចំនួន ៣៨ នៃសហគ្រាសផលិតរថយន្តសំខាន់ៗចំនួន ៥ របស់ជប៉ុន គឺ Toyota Honda Mazda Yamaha និង SUZUKI ក្នុងនោះ ក៏មានស៊េរីរថយន្តចំនួន ៦ នៅតែដាក់ឱ្យលក់ក្នុងទីផ្សារដដែល ។
រថយន្តដែលល្មើសនឹងច្បាប់កំណត់មានចំនួនលើសពី ៥ លានគ្រឿង កម្មវិធីក្លែងបន្លំពាក់ព័ន្ធនឹងខ្លឹមសារជាច្រើនដូចជា សុវត្ថិភាពអ្នកដំណើរ ការបុកគ្នា ពោងសុវត្ថិភាព សម្លេងរំញ័រនិងការបញ្ចេញផ្សែងពុលជាដើម ។
កាលពីមុន ការផលិតដោយប្រទេសជប៉ុនមានភាពល្បីល្បាញដោយសារ”ស្មារតីវិជ្ជាជីវៈនៃផលិតករ” ប៉ន្តែ បច្ចុប្បន្ននេះ រឿងអាស្រូវក្លែងបន្លំជាបន្តបន្ទាប់បានធ្វើឱ្យពន្លឺនៃម៉ាកយីហោល្បីឈ្មោះនេះមានភាពកាន់តែងងឹតអាប់អួ ។ មូលហេតុនៅពីក្រោយ គឺមានច្រើន ។
ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះ ឧស្សាហកម្មផលិតកម្មរបស់ប្រទេសជប៉ុនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ប៉ុន្តែប្រការនេះក៏បានបណ្តាលឱ្យសហគ្រាសមួយចំនួនខ្វះមនសិការបង្ការវិបត្តិនិងពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ហើយមិនចង់ធ្វើការច្នៃប្រឌិតថ្មីនិងកំណែទម្រង់ដ៏ចាំបាច់ ។
លើសពីនេះទៅទៀត ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុនមានកង្វះខាតក្នុងការតាក់តែងស្តង់ដារ តាមដានត្រួតពិនិត្យនិងយន្តការដាក់ពិន័យជាដើមដែលធ្វើឱ្យសហគ្រាសមួយចំនួនអាចគេចវេះពីការត្រួតពិនិត្យនិងដាក់ពិន័យដោយងាយៗ បើមើលពីតថភាពជាក់ស្តែងអាចឃើញថា វាបានកាត់បន្ថយការបង់តម្លៃខាងការក្លែងបន្លំ ។
ករណីក្លែងបន្លំដែលត្រូវបានបែកធ្លាយជាញឹកញាប់ធ្វើឱ្យការផលិតដោយប្រទេសជប៉ុនធ្លាក់កូដ ។ រដ្ឋាភិបាលនិងសហគ្រាសរបស់ជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅនិងធ្វើកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយកុំបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃនិងខ្លួនឯងតទៅទៀត ។
ដូចកាសែត«The New York Times»ដែលបានចុះផ្សាយបទអត្ថាធិប្បាយថា ប្រជាជនជប៉ុននិងអ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងលើពិភពលោកសុទ្ធតែរំពឹងថា បញ្ហាក្លែងបន្លំអាចទទួលបានការដោះស្រាយយ៉ាងប្រាកដប្រជាដែលធ្វើឱ្យរថយន្តកាន់តែមានសុវត្ថិភាពជាងមុន ៕