បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោធាអាមេរិក បានប្រកាសថាខ្លួន បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួនពីរក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដោយពណ៌នាវាគឺជាការបាញ់បង្ហោះ ជាទម្លាប់ និងមិនទាក់ទងនឹងព្រឹត្តិការណ៍ពិភពលោក ទេ។
មន្ទីរបញ្ចកោណ បាននិយាយថា មីស៊ីល Minuteman III ចំនួនពីរត្រូវបានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ហើយ វាបានបំពាក់ដោយអាវុធដែលប្រើប្រាស់ ហើយត្រូវបោះចោល ជំនួសឲ្យក្បាលគ្រាប់នុយក្លេអ៊ែរពិត។
ការបាញ់សាកល្បងនេះ គឺជាផ្នែកមួយនៃសកម្មភាពជាប្រចាំ និងតាមកាលកំណត់ ដែលមានបំណងបង្ហាញថា ការទប់ស្កាត់នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកមានសុវត្ថិភាព ខ្ពស់អាចទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការគំរាមកំហែង នៅសតវត្សរ៍ទី២១ និងធានាសម្ព័ន្ធមិត្តរបស់អាមេរិក ឡើងវិញ។
មន្ទីរបញ្ចកោណបានកត់សម្គាល់ថា មានការធ្វើតេស្ត ជាង ៣០០លើ នៃប្រភេទមីស៊ីលនេះរហូតមកដល់ពេលនេះ ហើយបាននិយាយបន្ថែមថា ការបាញ់បង្ហោះនៅសប្តាហ៍នេះគឺ មិនមែនជាលទ្ធផល ដោយសារតែ ព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ ។
គួរឲ្យដឹងដែរថារុស្ស៊ី បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាបន្តបន្ទាប់នៅក្នុងតំបន់យោធារបស់ខ្លួនមួយ កាលពីខែមុន នៅក្នុងអ្វីដែលវិមានក្រឹមឡាំង ហៅថាជាការឆ្លើយតបទៅនឹង ការកើនឡើងដែលមិនធ្លាប់មានពីមុនមក ដោយលោកខាងលិច នៅក្នុងជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី