បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា លើការបង្កើនចំនួនក្បាលគ្រាប់បរមាណូ របស់ខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយមើលឃើញពីស្ថានភាពអន្តរជាតិ នាពេលបច្ចុប្បន្ននេះ។
លោកPranay Vaddi គឺជានាយកជាន់ខ្ពស់ សម្រាប់ការគ្រប់គ្រងអាវុធ ការរំសាយអាវុធ និងការមិនរីកសាយភាយនៃ NSC ហើយលោកបានថ្លែងសុន្ទរកថាសំខាន់ នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ត្រួតពិនិត្យអាវុធ កាលពីថ្ងៃសុក្រ អំពីការលើកឡើងនេះ។
លោកបន្តថា៖យើងអាចឈានដល់ចំណុចមួយ ក្នុងប៉ុន្មានឆ្នាំខាងមុខ ដែលការកើនឡើងពីចំនួន ដែលបានដាក់ពង្រាយបច្ចុប្បន្ន គឺត្រូវបានទាមទារ ហើយយើងត្រូវត្រៀមខ្លួន យ៉ាងពេញលេញ ដើម្បីអនុវត្តប្រសិនបើប្រធានាធិបតី ធ្វើការសម្រេចចិត្តនោះ។
ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែរ របស់អាមេរិក បច្ចុប្បន្នត្រូវបានកំណត់ ដោយសន្ធិសញ្ញា New START ដែលបានចរចាជាមួយរុស្ស៊ីក្នុងឆ្នាំ២០១០ បច្ចុប្បន្នវាត្រូវបានកំណត់ថានឹង ផុតកំណត់នៅឆ្នាំ 2026 ដោយគ្មានសញ្ញាណាមួយ ដែលថាវាអាចនឹងត្រូវបាន បន្តនោះទេ។
កាលពីឆ្នាំមុន រុស្ស៊ីបានផ្អាកជាផ្លូវការ នូវការចូលរួមរបស់ខ្លួននៅក្នុង New START ដោយលើកឡើងពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក លើជម្លោះអ៊ុយក្រែន និងការលើកទឹកចិត្ត ដល់ការវាយប្រហាររបស់ទីក្រុងគៀវ លើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រ របស់រុស្ស៊ីហើយ ទោះយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបន្តសង្កេតមើល បទប្បញ្ញត្តិនៃសន្ធិសញ្ញា ដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធចែកចាយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី