តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារៀបចំកិច្ចពិភាក្សា ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅអឺរ៉ុ បនៅសប្តាហ៍ក្រោយ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចថ្មី។
ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ប្រហែលជានៅលើគែម នៃកិច្ចប្រជុំកំពូលក្រុមប្រាំពីររយៈពេលបី ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ នៅទីក្រុង Fasano ភាគខាងត្បូង ប្រទេសអ៊ីតាលី លោក គីស៊ីដា និងលោក ហ្សេឡិនស្គី ទំនងជានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីវិធានការគាំទ្រសេដ្ឋកិច្ច និងការកសាងឡើងវិញ របស់ទីក្រុងតូក្យូ សម្រាប់ទីក្រុង គៀវ។
កិច្ចពិភាក្សានឹងកើតឡើង មុនការជួបជុំកម្រិតមេដឹកនាំ អន្តរជាតិ “កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា នៅរមណីយដ្ឋាន Burgenstock នៅកណ្តាលប្រទេសស្វីស ដែលលោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងចូលរួមបន្ទាប់ពីកិច្ចប្រជុំ G7 ។
លោក គីស៊ីដា ត្រូវបានគេរំពឹងថានឹងប្រាប់លោក ហ្សេឡិនស្គី អំពីការបន្តការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការគាំទ្រអ៊ុយក្រែន តាមរយៈជំហានដូចជាការដោះមីន គាំទ្រដល់ការងើបឡើងវិញ នៃផលិតកម្មកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា