ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត​ ការលក់​អាវុធ ​របស់​អាមេរិក ទៅឲ្យ​តៃវ៉ាន់​

រូបភាព៖ Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃសុក្រនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលផែនការរបស់ខ្លួន ក្នុងការលក់សព្វាវុធទៅឱ្យតំបន់តៃវ៉ាន់ របស់ប្រទេសចិន និងបញ្ឈប់ការបំពាក់សព្វាវុធក្នុងតំបន់ដោយគ្រប់រូបភាព។

លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ជាការឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ ស្តីពីការយល់ព្រមនាពេលថ្មីៗនេះ របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក លើការលក់សព្វាវុធ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារអាមេរិក ទៅឱ្យតៃវ៉ាន់។

ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តំបន់​តៃវ៉ាន់​របស់​ចិន​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែ​មួយ និង​សេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា។

ទង្វើនេះបានធ្វើឱ្យខូចដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ហើយបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក​បាន​បន្ថែម​ថា ចិន​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​លក់​សព្វាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តំបន់​តៃវ៉ាន់​របស់​ចិន។

លោក Zhang បានលើកឡើងថា សំណួរតៃវ៉ាន់ គឺជាបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក ហើយថា ការគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួននឹងធ្វើឱ្យភាពតានតឹងនៅក្នុងតំបន់ ជំរុញតៃវ៉ាន់ឱ្យស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ហើយចុងក្រោយធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកខ្លួនឯង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top