ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានការត្រួតពិនិត្យជាអន្តរជាតិដ៏តឹងរឹង ឯករាជ្យ និងមានប្រសិទ្ធភាពរយៈពេលវែង ជុំវិញការបង្ហូរទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែររបស់ប្រទេសជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រ។
លោក លី សុង តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សានៃទីភ្នាក់ងារនេះថា ការបង្ហូរទឹកសំណល់របស់ប្រទេសជប៉ុនបានបន្តធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសហគមន៍អន្តរជាតិ ហើយការប្រឆាំងយ៉ាងខ្លាំងពីបណ្តាប្រទេសជិតខាងរបស់ប្រទេសជប៉ុន មិនដែលបានថយចុះនោះទេ។
ដោយកត់សម្គាល់ថាថ្មីៗនេះប្រទេសជប៉ុនបានចាប់ផ្តើមជុំទីប្រាំមួយនៃការបញ្ចេញទឹកសំណល់ហ្វូគូស៊ីម៉ា លោក លី បានលើកឡើងពីការសង្ស័យ អំពីភាពជឿជាក់យូរអង្វែង នៃឧបករណ៍បន្សុតទឹកសំណល់ របស់ប្រទេសជប៉ុន ប្រសិទ្ធភាពនៃការរៀបចំការត្រួតពិនិត្យបច្ចុប្បន្ន ការត្រួតពិនិត្យខ្សោយពីរដ្ឋាភិបាលជប៉ុន និងការគ្រប់គ្រងភាពវឹកវរនៃក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ដែលជាប្រតិបត្តិកររោងចក្រហ្វូគូស៊ីម៉ា ។
លោក លី បានលើកឡើងថា ការសង្ស័យទាំងនេះបង្ហាញពីសារៈសំខាន់ និងភាពបន្ទាន់នៃការបង្កើតយន្តការត្រួតពិនិត្យអន្តរជាតិរយៈពេលវែង សម្រាប់ការបញ្ចេញទឹកសំណល់ ដោយលោកបានបន្ថែមថា ការត្រួតពិនិត្យអន្តរជាតិដ៏តឹងរឹង ឯករាជ្យ និងប្រសិទ្ធភាពគួរតែត្រូវបានដាក់ឱ្យដំណើរការ ជាការបន្ថែមទៅលើបទប្បញ្ញត្តិរបស់រដ្ឋាភិបាលជប៉ុន និងការត្រួតពិនិត្យដោយ និយតករថាមពលនុយក្លេអ៊ែរជប៉ុន ជាជាងជំនួសពួកគេ។
លោកបានសង្កត់ធ្ងន់ថា មានតែតាមរយៈការរៀបចំបែបនេះទេ ដែលជប៉ុនអាចបំបាត់កង្វល់ និងការភ័យស្លន់ស្លោដែលបង្កឡើងដោយឧបទ្ទវហេតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា និងការបញ្ចេញទឹកសំណល់ និងដោះស្រាយយ៉ាងមានប្រសិទ្ធភាព ចំពោះកង្វល់ដ៏ធ្ងន់ធ្ងររបស់ប្រជាជនចិន និងប្រទេសពាក់ព័ន្ធដទៃទៀត៕
ប្រែសម្រួល ឈូក បូរ៉ា