បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានាថា ភាពជឿនលឿននៃបច្ចេកវិទ្យា និងការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ កំពុងធ្វើឱ្យប្រជាជនពិភពលោកមានហានិភ័យខ្ពស់បំផុតនៃជម្លោះនុយក្លេអ៊ែរ ចាប់តាំងពីសហភាពសូវៀតបានបែកបាក់នៅឆ្នាំ ១៩៩១ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Guterres បាននិយាយនៅក្នុងសុន្ទរកថាដែលបានកត់ត្រាដែលបានបង្ហាញកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមគ្រប់គ្រងអាវុធនៅទីក្រុងវ៉ាស៊ីនតោនថា “មនុស្សជាតិគឺនៅក្នុងស្ថានការណ៍គ្រោះថ្នាក់” ។ «ហានិភ័យនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានគេប្រើបានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់»។
ប្រមុខអង្គការសហប្រជាជាតិបានអះអាងថា ប្រទេសនានាកំពុងចូលរួមក្នុង “ការប្រណាំងសព្វាវុធប្រកបដោយគុណភាព” ដោយប្រើប្រាស់បច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនការត្រៀមខ្លួនរបស់ពួកគេសម្រាប់ជម្លោះដែលអាចកើតមាន។ លោកបានបន្ថែមថា ភាពជឿនលឿនបែបនេះកំពុង «បង្កើនគ្រោះថ្នាក់» នៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់ ហើយកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយដែលនៅសេសសល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងឆ្ពោះទៅរកការផុតកំណត់នៅឆ្នាំ ២០២៦។
លោក Guterres បានធ្វើអត្ថាធិប្បាយ ខណៈដែលការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី បានបង្កឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែធំ និងមានសក្តានុពលប្រើអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀតបានចោទប្រកាន់ទៅលើទីក្រុងមូស្គូពីបញ្ហានុយក្លេអ៊ែរ ខណៈមេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា ការចូលរួមយ៉ាងស៊ីជម្រៅរបស់លោកខាងលិចនៅក្នុងជម្លោះអ៊ុយក្រែនអាចបង្កឱ្យមានការកើនឡើងជម្លោះ៕
ប្រែសម្រួល: ណៃ តុលា