បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហួសពីការដែលគ្រាន់តែនិយាយអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែន ដោយលោកបានចាត់វិធានការដើម្បីបង្កើតក្រុមបណ្តុះបណ្តាលយោធាដែលនឹងធ្វើការនៅក្នុងអតីតសាធារណរដ្ឋសូវៀត រៀបចំទាហានរបស់ទីក្រុងគៀវ ដើម្បីប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅទីក្រុងប៉ារីសថា “យើងចង់មានសម្ព័ន្ធភាពសម្រាប់ហេតុផលនៃប្រសិទ្ធភាព ហើយដៃគូរបស់យើងជាច្រើនបានផ្តល់កិច្ចព្រមព្រៀងរបស់ពួកគេរួចហើយ។ យើងនឹងប្រើប្រាស់ថ្ងៃខាងមុខ ដើម្បីបញ្ចប់ឱ្យបានសព្វគ្រប់នៃសម្ព័ន្ធភាពធំបំផុតដែលអាចធ្វើទៅបាន ដែលអាចឆ្លើយតបទៅនឹងសំណើរបស់អ៊ុយក្រែន”។
លោក Macron មិនបានកំណត់អត្តសញ្ញាណប្រទេសក្រៅពីប្រទេសបារាំងដែលបានប្តេជ្ញាបញ្ជូនគ្រូបង្ហាត់ទៅអ៊ុយក្រែនទេ។ លោកបានអះអាងថា ការបញ្ជូនអ្នកជំនាញទៅធ្វើការងារបណ្ដុះបណ្ដាលនៅក្នុងប្រទេសអ៊ុយក្រែន មិនគួរបង្កឱ្យមានការឆ្លើយតបដោយខឹងសម្បាររបស់រុស្ស៊ីទេ។
លោក Macron បាននិយាយទៀតថា “យើងមិនធ្វើសង្គ្រាមជាមួយរុស្ស៊ីទេ” ។ «យើងមិនចង់បានការកើនឡើងភាពតានតឹងទេ ប៉ុន្តែយើងចង់ធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់យើងដើម្បីជួយអ៊ុយក្រែនក្នុងការទប់ទល់។ តើវាជាការកើនឡើងភាពតានតឹងដែរទេប្រសិនបើអ៊ុយក្រែនស្នើឱ្យយើងហ្វឹកហ្វឺនទាហានដែលចល័តនៅលើដីរបស់ខ្លួន? ទេ! នោះមិនមែនមានន័យថា ដាក់ពង្រាយមនុស្សទេ ទាហានអឺរ៉ុប ឬសម្ព័ន្ធមិត្ត នៅជួរមុខនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា