បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ជារឿយៗ វាពិបាកក្នុងការយល់អំពីអត្ថន័យរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោក រួមទាំងពេលដែលលោកអះអាងថា បានស្គាល់សមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អស់រយៈពេល ៤០ ឆ្នាំមកហើយនោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានរិះគន់លោក Putin ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា “ខ្ញុំបានស្គាល់គាត់អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ គាត់ខ្វល់ខ្វាយពីខ្ញុំអស់៤០ឆ្នាំមកហើយ។ គាត់មិនមែនជាមនុស្សសមរម្យនោះទេ។ គាត់ជាជនផ្តាច់ការ”។
ថ្លែងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ លោក Peskov បាននិយាយថា លោក វ្លាឌីមៀ ពូទីន «មិនប្រតិកម្ម ហើយក៏នឹងមិនប្រតិកម្ម» ចំពោះការប្រមាថដូចជាលោក Biden នោះដែរ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោកគ្រាន់តែអាចសម្តែងការសោកស្តាយថា “នៅក្នុងនយោបាយអន្តរជាតិក្នុងកម្រិតនេះ វោហាសាស្ត្រ និងការបញ្ចេញមតិបែបនេះត្រូវបានប្រើប្រាស់ទាក់ទងនឹងប្រមុខរដ្ឋ”។
ដោយសំដៅលើការអះអាងរបស់លោក Biden ដែលគាត់បានស្គាល់មេដឹកនាំរុស្ស៊ីអស់រយៈពេល ៤ ទសវត្សរ៍មកហើយនោះ លោក Peskov បានបន្ថែមថា “ពេលខ្លះគេគ្រាន់តែឆ្ងល់ថា តើប្រធានាធិបតីអាមេរិកមានន័យយ៉ាងណា រួមទាំងពេលដែលគាត់និយាយអំពី [ស្គាល់លោកពូទីន អស់រយៈពេល ៤០ ឆ្នាំ”។
លោក Peskov បាននិយាយដោយធ្វើឱ្យអ្នកកាសែតផ្ទុះសំណើចថា អ្នកអត្ថាធិប្បាយមួយចំនួនបាន “បង្វិលពេលវេលាដើម្បីយល់ពីអ្វីដែលពូទីនកំពុងធ្វើកាលពី ៤០ ឆ្នាំមុន។ មនុស្សម្នាក់អាចធ្វើការវិភាគយ៉ាងស៊ីជម្រៅអំពីរបៀបដែលលោក Biden អាចស្គាល់គាត់ [នៅពេលនោះ]” ៕ ប្រែសម្រួលៈ ណៃ តុលា