ស្តុកខុម៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Ritzau បានរាយការណ៍មកថា លោកស្រី Mette Frederiksen នាយករដ្ឋមន្រ្តីនៃប្រទេសដាណឺម៉ាក ត្រូវបានវាយប្រហារដោយបុរសម្នាក់ នៅកណ្តាលទីក្រុង Copenhagen កាលពីថ្ងៃសុក្រ ហើយបុរសនោះត្រូវ បានចាប់ខ្លួនបានហើយ ។
លោកស្រី Frederiksen ត្រូវបានគេរាយការណ៍មកថា ធ្វើឲ្យមានការ “ភ្ញាក់ផ្អើល” ដោយសារឧបទ្ទវហេតុនេះ ។ ទូរទស្សន៍ស៊ុយអែត ឈ្មោះថា (SVT) បានរាយការណ៍មកថា ប៉ូលិសនៅទីក្រុង Copenhagen បានបញ្ជាក់ពីឧប្បត្តិហេតុនេះ ប៉ុន្តែបដិសេធមិនផ្តល់ការអត្ថាធិប្បាយច្រើននោះទេ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងនៅទីលានមួយ នៅមិនឆ្ងាយពីភូមិគ្រឹះរបស់លោកស្រី Frederiksen នោះទេ ។ ប៉ុន្តែអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៅពីក្រោយការវាយប្រហារនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ។
ភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុនេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson និងរដ្ឋមន្ត្រីក្រសួងការបរទេស Tobias Billstrom បានថ្កោលទោសទៅ លើការវាយប្រហារនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា