មូស្គូ៖ កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់បែកលើហាង មួយកន្លែងនៅក្នុងភូមិ Sadovoye ក្នុងតំបន់ Kherson នៃប្រទេសរុស្ស៊ី ពីរដងកាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល ២២នាក់ នេះបើយោងតាមអភិបាលតំបន់លោក Vladimir Saldo ។
លោក Saldo បានឲ្យដឹងថា នៅពេលនៃការវាយប្រហារនេះ មានអតិថិជន និងបុគ្គលិកជាច្រើននៅក្នុងហាង នេះបើយោងតាមរបាយការណ៍របស់ TASS ។
លោក Saldo ត្រូវបានដកស្រង់សម្តីដោយឲ្យដឹង ក្នុងរបាយការណ៍ថា “ការវាយប្រហារលើកទីមួយត្រូវបានបញ្ជូនដោយគ្រាប់បែកតាមអាកាសរបស់បារាំង និងគ្រាប់ទីពីរដោយកាំជ្រួច HIMARS ដ៏ល្បីរបស់អាមេរិក”។
លោក Saldo បន្ថែមថា “បន្ទាប់ពីការមកដល់លើកដំបូង មនុស្សមកពីផ្ទះជិតខាងបានរត់ចេញមកជួយជនរងគ្រោះ បន្ទាប់ពីមួយរយៈខ្លី កាំជ្រួច HIMARS បានមកដល់មួយគ្រាប់ទៀត ដោយក្នុងចំណោមអ្នកស្លាប់ មានកុមារពីរនាក់”៕
ប្រែសម្រួល ឈូក បូរ៉ា