ព័ត៌មានអន្តរជាតិ

ថៃ កំពុងជំរុញអនុវត្តវិធានការ ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីហាមឃាត់ទាំងការនាំចូល និងជួញដូរបារីអេឡិចត្រូនិច

បរទេស ៖ ការិយាល័យគណៈកម្មការ សុខភាពជាតិ (NHCO) ប្រទេសថៃ បានយល់ព្រមលើគោលការណ៍ចំនួនប្រាំ ដើម្បីទប់ស្កាត់ការប្រើប្រាស់បារី អេឡិចត្រូនិច ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ខណៈដែលការសិក្សាបង្ហាញថា មនុស្សចាប់ផ្តើមប្រើប្រាស់ថ្នាំ ជក់ពីមុន គឺឱកាសនៃការវិវត្តទៅ ជាទម្លាប់ញៀនពេញ មួយជីវិតកាន់តែខ្ពស់ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Suriya Jungrungreangkit ដែលជាប្រធាន NHCO បាននិយាយថា យុវជនគឺជាគោលដៅចម្បង របស់ក្រុមហ៊ុនបារីអេឡិចត្រូនិច ហើយពួកគេអាចក្លាយ ជាអ្នកជក់បារីថ្មី បានយ៉ាងងាយ ដោយប្រឈមមុខនឹង ហានិភ័យសុខភាពទាំងរយៈពេលខ្លី និងរយៈពេលវែង។

លោកបាននិយាយ កាលពីថ្ងៃសុក្រថា គណៈកម្មាការកំពុងជំរុញ ឱ្យអនុវត្តវិធានការ ដ៏មានប្រសិទ្ធភាពបំផុត ដែលអាចធ្វើទៅបាន ដើម្បីហាមឃាត់ទាំងការនាំចូល និងការជួញដូរបារីអេឡិចត្រូនិច។

វិធានការទាំងប្រាំដែលបានឯកភាពគ្នារួមមានការគ្រប់គ្រងព័ត៌មានទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់ ការបង្កើតការយល់ដឹងអំពីគ្រោះថ្នាក់ដែលពាក់ព័ន្ធ ការត្រួតពិនិត្យ និងការអនុវត្តច្បាប់គ្រប់គ្រងបារីអេឡិចត្រូនិក ការបង្កើតបណ្តាញដៃគូដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបារីអេឡិចត្រូនិច និងការគាំទ្រគោលនយោបាយ និងវិធានការទប់ស្កាត់ និង រារាំងការប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា

To Top