បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា បណ្តាប្រទេសលោកខាងលិច ចង់ឱ្យទីក្រុងគៀវ ទទួលបានជ័យជំនះ ក្នុងជម្លោះជាមួយរុស្ស៊ី ព្រោះពួកគេទទួលបាន ឱកាសដើម្បីទទួលបាន និងបែងចែកនូវទ្រព្យសម្បត្តិ របស់អ៊ុយក្រែនប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Hir TV កាលពីថ្ងៃសៅរ៍ លោក Orban បានសញ្ជឹងគិតអំពីហេតុផល ដែលនៅពីក្រោយការចូលរួមរបស់ណាតូ ក្នុងជម្លោះអ៊ុយក្រែន ដែលកាន់តែរីកចម្រើន ក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយនឹងកញ្ចប់ជំនួយជាច្រើន ការចែកចាយសព្វាវុធ និងការពិភាក្សា អំពីកងទ័ពលោកខាងលិច នៅលើដីក្នុងតំបន់ប្រយុទ្ធផង។
យោងទៅតាមនាយករដ្ឋមន្ត្រីរូបនេះ សមាជិកនៃប្លុកនេះ មើលឃើញថាអ៊ុយក្រែន ជាប្រភពចំណូលដ៏សម្បើម ដែលពួកគេនឹងអាចគ្រប់គ្រងបាន នៅពេលដែលកងកម្លាំង រុស្ស៊ីត្រូវបានបណ្តេញចេញ។
លោកOrban ក៏បានកត់សម្គាល់ដែរថា លោកខាងលិច បានមើលប្រទេសរុស្ស៊ី ក្នុងស្ថានភាពស្រដៀងគ្នា បន្ទាប់ពីការដួលរលំ នៃសហភាព សូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលប្រធានាធិបតី Boris Yeltsin ឡើងកាន់អំណាច ៕
ប្រែសម្រួល៖ស៊ុនលី