តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយដោយសន្យាគាំទ្ររយៈពេលវែង សម្រាប់អ៊ុយក្រែន រួមទាំងការកោះប្រជុំកិច្ចពិភាក្សា អន្តររដ្ឋាភិបាលក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្មី ដើម្បីកំណត់ថាតើជំនួយអ្វីដែលអាចត្រូវបានផ្តល់។
កិច្ចព្រមព្រៀងនេះ ដែលនឹងបន្តចូលជាធរមានរយៈពេល ១០ឆ្នាំ នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលកិច្ចប្រជុំដែលបាន គ្រោងទុករវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌឺមៀ ហ្សេឡិនស្គី នៅលើគែមនៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅក្នុងប្រទេសអ៊ីតាលី ដែលចាប់ផ្តើមថ្ងៃព្រហស្បតិ៍។
G7 បានចេញសេចក្តីថ្លែងការណ៍ រួមមួយកាលពីខែកក្កដាឆ្នាំមុន ដោយបង្ហាញពីការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការគាំទ្ររយៈពេលវែង សម្រាប់ការកសាងឡើងវិញនូវសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន ដោយជាក់លាក់នឹងត្រូវបាន បង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ជាមួយប្រទេសរៀងៗខ្លួន។
កិច្ចព្រមព្រៀងរបស់ជប៉ុន ជាមួយអ៊ុយក្រែន ដែលនឹងផ្តោតលើការគាំទ្ររយៈពេលវែង សម្រាប់ការកសាងប្រទេស ដែលហែកហួរដោយសង្រ្គាមឡើងវិញ នឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងការដោះមីន និងការផ្តល់ឧបករណ៍ការពារ ដែលមិនមានគ្រោះថ្នាក់ ដែលស្ថិតក្នុងវិសាលភាពនៃរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមរបស់ជប៉ុន។
កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារការរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម រួមទាំងសម្រាប់ផលិតកម្មកសិកម្មផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា