ព័ត៌មានអន្តរជាតិ

ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បញ្ចេញបញ្ជីបេក្ខជនចុងក្រោយ៦រូប ដែលនឹងត្រូវប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី២៨មិថុនានេះ

AFP

បរទេស៖ ក្រសួងមហាផ្ទៃ របស់ប្រទេសអ៊ីរ៉ង់ បានបញ្ចេញបញ្ជីបេក្ខជន ចុងក្រោយចំនួន៦រូប ដែលនឹង ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីក្នុងខែនេះ ។ ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី Ebrahim Raisi បានស្លាប់នៅក្នុងការធ្លាក់ ឧទ្ធម្ភាគចក្រកាលពីខែឧសភា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បេក្ខជនត្រូវបានអនុម័តដោយក្រុមប្រឹក្សាអ្នកការពាររបស់អ៊ីរ៉ង់ ដែលជាក្រុមបព្វជិត និង អ្នកច្បាប់ ដែលកាន់អំណាចវេតូលើច្បាប់ដែលអនុម័តដោយសភា និងកំណត់ថា អ្នកណាអាចស្វែងរកការកាន់ តំណែងនៅសាធារណរដ្ឋអ៊ីស្លាមមួយនេះបាន។

ក្រសួងមហាផ្ទៃអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Masoud Pezeshkian, លោក Mostafa Pour Mohammadi, លោក Saeed Jalili, លោក Alireza Zakani, លោក Amirhossein Qazizadeh Hashemi និង លោក Mohammad Bagher Ghalibaf នឹងចូលរួមក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែមិថុនានេះ។

លោក Ghalibaf គឺជាប្រធានសភាអ៊ីរ៉ង់បច្ចុប្បន្ន។ ជាអតីតមេប៉ូលីស លោកបានឈរឈ្មោះជាប្រធានាធិបតីដោយមិនបានជោគជ័យក្នុងឆ្នាំ ២០០៥ និង ឆ្នាំ២០១៣ ។ លោក Hashemi បច្ចុប្បន្នធ្វើជាអនុប្រធានាធិបតី ខណៈដែលលោក Zakani ជាអភិបាលក្រុង តេហេរ៉ង់ ។ អ្នកទាំងបីត្រូវបានគេចាត់ទុកថាជា ក្រុមនយោបាយ ដែលប្រកាន់ខ្ជាប់នូវគំនិត ឬគោលនយោបាយដោយមិនចុះចាញ់។ លោក Pezeshkian ត្រូវបានគេចាត់ទុកជាអ្នកកែទម្រង់ ។ លោក Mohammadi គឺជាអ្នកច្បាប់អភិរក្សនិយម ខណៈដែលលោក Jalili បានដឹកនាំក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ និងជាអ្នកចរចាជាន់ខ្ពស់ផ្នែកនុយក្លេអ៊ែរ។

លោក Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian គឺបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រ ដែលពួកគេកំពុងធ្វើដំណើរ បានធ្លាក់កាលពីថ្ងៃទី១៩ ខែឧសភានៅក្នុងខេត្ត East Azerbaijan របស់អ៊ីរ៉ង់។ មូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែរបាយការណ៍ពីអគ្គសេនាធិការនៃយោធាអ៊ីរ៉ង់បាននិយាយថា ការបំផ្លាញឧទ្ធម្ភាគចក្រដោយចេតនា គឺត្រូវបានច្រានចោល៕
ប្រែសម្រួលៈ ណៃ តុលា

To Top