បរទេស៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិមួយទៀតសម្រាប់ស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រដែលលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់នៅសប្តាហ៍ក្រោយដោយអះអាងថា អ្នកស៊ើបអង្កេតបានទទួលរងឥទ្ធិពលពីអ្នកមានអំណាច។ នេះបើយោងតាមប្រភពដែលបានជូនដំណឹង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពនៅការិយាល័យអគ្គព្រះរាជអាជ្ញា ( OAG ) បាននិយាយនៅថ្ងៃចន្ទថា យោងតាមញត្តិ អ្នកសួរចម្លើយដែលដោះស្រាយសំណុំរឿងបានប្រឈមនឹងសម្ពាធពីអ្នកមានឥទ្ធិពល ដោយសារពាក្យបណ្ដឹងប្រមាថព្រះមហាក្សត្រត្រូវបានប្តឹងបន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់។
យោងតាមញត្តិ បានឱ្យដឹងថា អ្នកសួរចម្លើយមិនមានសេរីភាពក្នុងការសាកសួរសាក្សី និងប្រមូលភស្តុតាងនោះទេ។ ពួកគេត្រូវរងសម្ពាធពីអ្នកកាន់អំណាចនៅពេលនោះ ។
ករណីនេះទាក់ទងនឹងបទសម្ភាសន៍របស់លោកថាក់ស៊ីននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥។ ក្នុងអំឡុងពេលសម្ភាសន៍គាត់មិនបានលើកឡើងពីស្ថាប័នជាន់ខ្ពស់ ឬប្រើពាក្យប្រមាថ ឬស្អប់ខ្ពើមណាមួយឡើយ។ ដូច្នេះហើយគាត់មិនគួរចាត់ទុកថាបានប្រព្រឹត្តល្មើសនឹងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ជាច្បាប់ប្រមាថព្រះអង្គតាមញត្តិនោះទេ។
កាលពីចុងខែមុន អគ្គព្រះរាជអាជ្ញាបានប្រកាសពីការសម្រេចចិត្តរបស់លោកក្នុងការចោទប្រកាន់លោក ថាក់ស៊ីន ក្នុងសំណុំរឿងនេះ។ ការចោទប្រកាន់នេះត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែមិថុនា ដោយសារថាក់ស៊ីនមានជំងឺកូវីដ១៩ ។ នេះបើយោងតាមគ្រូពេទ្យរបស់លោក។
នៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំនេះ លោក ថាក់ស៊ីនបានដាក់ញត្តិមុនសម្រាប់ការស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានដោះលែង៕ ប្រែសម្រួលៈ ណៃ តុលា