ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋប៉ាឡេស្ទីន ក្រើនរំលឹកពីការវាយប្រហារ ដ៏ឃោរឃៅ របស់អ៊ីស្រាអ៊ែល មកលើជំរំNuseirat

xinhua

ហ្គាហ្សា៖ អ្នកថ្មើរជើងស្ទើរតែមិនអាចដើរតាមផ្លូវនៃជំរុំជនភៀសខ្លួន Nuseirat ដែលនៅភាគកណ្តាល នៃតំបន់ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ ដែលត្រូវបានប្រែក្លាយ ត្រឹមតែពេញមួយយប់ ទៅជាតំបន់រងការបំផ្លិចបំផ្លាញ ជាមួយនឹងក្លិននៃការស្លាប់ ។

រថយន្តដែលបានឆេះ ការបំផ្លាញផ្ទះសម្បែង និងប្រឡាក់ឈាមពីជនរងគ្រោះ ត្រូវបានរកឃើញនៅតាមដងផ្លូវនៃជំរំ និងនៅតាមច្រកផ្លូវនានា បន្ទាប់ពីកងកម្លាំងពិសេសរបស់អ៊ីស្រាអ៊ែល បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងជំរំ ដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ចំនួន៤នាក់កាលពីថ្ងៃសៅរ៍ ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឲ្យដឹងថា នៅគ្រាដែលទាហានអ៊ីស្រាអ៊ែលចូលក្នុងជំរំ យន្តហោះចម្បាំងបានបើកការវាយឆ្មក់ជាបន្តបន្ទាប់មកលើគោលដៅរាប់សិបនៅក្នុងជំរំ ដែលភាគច្រើនជាផ្ទះជនស៊ីវិល ។

យោងតាមតួលេខដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន២៧៤នាក់បានស្លាប់ និងជាង៦៩៨នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងប្រតិបត្តិការយោធាអ៊ីស្រាអ៊ែល ។

លោក Othman Zaki បានក្រើនរំលឹកថា “ខ្ញុំកំពុងផឹកកាហ្វេមួយពែងនៅលើយ៉រផ្ទះដែលមើលផ្លូវ ។ អ្វីគ្រប់យ៉ាងគឺធម្មតា៖ អ្នកដើរឆ្លងកាត់ និងអ្នកលក់ដូរនៅតាមដងផ្លូវ ក្មេងៗលេងក្រោមពន្លឺថ្ងៃ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរភ្លាមៗ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top