ព័ត៌មានអន្តរជាតិ

យន្តហោះដឹក អនុប្រធានាធិបតីម៉ាឡាវី និងគណៈប្រតិភូ កំពុងបាត់ខ្លួន ​ដោយសារអាកាសធាតុអាក្រក់

AFP

បរទេស ៖ អាជ្ញាធរប្រទេសម៉ាឡាវី មិនអាចទាក់ទងយន្តហោះ ដែលដឹកអនុប្រធានាធិបតី គឺលោក Chilima បានទេ បន្ទាប់ពីយន្តហោះ បានបរាជ័យ ក្នុងការចុះចត នៅទីក្រុង Mzuzu ហើយត្រូវត្រឡប់ក្រោយ ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះយោធាដែលដឹកអនុប្រធានាធិបតី លោក Saulos Chilima និងមនុស្ស ៩ នាក់ផ្សេងទៀតរួមទាំងអតីតស្ត្រីទីមួយ Shanil Dzimbiri បានហោះនៅប្រហែលម៉ោង ៩ ព្រឹក ថ្ងៃទី ១០ ខែមិថុនា ពីរដ្ឋធានី Lilongwe ទៅកាន់ទីក្រុង Mzuzu ចម្ងាយជាង ៣៧០ គីឡូម៉ែត្រ។ តាម​ការ​គ្រោងទុក គណៈប្រតិភូ​បាន​ចូលរួម​ពិធី​បុណ្យសព​អតីត​រដ្ឋមន្ត្រី​ម៉ាឡាវី។

ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បាននិយាយថា “អ្នកបើកយន្តហោះ មិនអាចចុះចតនៅទីក្រុង Mzuzu ដោយសារតែអាកាសធាតុអាក្រក់ ការមើលឃើញផ្លូវមានកម្រិត ។ អាជ្ញាធរអាកាសចរណ៍បានផ្តល់ដំបូន្មាន ឱ្យយន្តហោះត្រឡប់ទៅទីក្រុង Lilongwe ប៉ុន្តែបានបាត់បង់ការទាក់ទង ជាមួយយន្តហោះភ្លាមៗ” ។

លោក Chakwera បាននិយាយថា លោកកំពុងកៀងគរធនធានទាំងអស់ ដើម្បីស្វែងរកយន្តហោះ ដោយសង្ឃឹមថា នឹងរកឃើញអ្នកនៅរស់រានមានជីវិត។ ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលថាប្រតិបត្តិការស្វែងរកត្រូវបានផ្អាកនៅពេលយប់។

លោកប្រធានាធិបតី Chakwera បានសង្កត់ធ្ងន់ថា “ទាហាននៅតែបំពេញ កាតព្វកិច្ច ហើយខ្ញុំបានបញ្ជា ឱ្យប្រតិបត្តិការនេះបន្តរហូត ដល់យន្តហោះត្រូវបានរកឃើញ”។

លោក Chakwera បាននិយាយទៀតថា ប្រទេសម៉ាឡាវី បានទាក់ទងប្រទេសមួយចំនួន រួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ន័រវែស និងអ៊ីស្រាអែល ហើយបានស្នើសុំជំនួយ។ តាមរយៈសញ្ញាទូរគមនាគមន៍ មន្ត្រីប្រទេសម៉ាឡាវីបានកំណត់ថា យន្តហោះដែលបាត់ខ្លួននោះស្ថិតនៅក្នុងចម្ងាយ ១០ គីឡូម៉ែត្រពី Riaply ដែលជាក្រុមហ៊ុនឈើដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Mzuzu ភាគខាងត្បូង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ផ្សាយថា ទាហាន​ម៉ាឡាវី​បាន​អុជ​ចន្លុះ ហើយ​ដើរ​ទៅ​រក​យន្តហោះ។ មនុស្សមួយចំនួនបាននិយាយថា ពួកគេបានឃើញយន្តហោះធ្លាក់ ចូលទៅក្នុងព្រៃភាគខាងត្បូងនៃ Mzuzu ។

លោក Chilima អាយុ ៥១ ឆ្នាំត្រូវបានជាប់ឆ្នោត ជាអនុប្រធាននៃប្រទេសម៉ាឡាវីក្នុងឆ្នាំ ២០១៤ ។ គាត់មានចិត្តសប្បុរស និងស្រលាញ់យ៉ាង ទូលំទូលាយនៅក្នុងប្រទេសអាហ្វ្រិក ជាពិសេសក្នុងចំណោមយុវវ័យ។ នៅឆ្នាំ២០២២ ខណៈពេលដែលនៅក្នុងអាណត្តិទីពីររបស់គាត់ លោក Chilima ត្រូវបានចាប់ខ្លួន និងដកហូតអំណាច ដោយចោទប្រកាន់ពីបទពុករលួយទាក់ទងនឹងរឿងអាស្រូវស៊ីសំណូកជាមួយអ្នកជំនួញជនជាតិអង់គ្លេស-ម៉ាឡាវី។ តុលាការ​ក្នុង​ប្រទេស​ម៉ាឡាវីកាលពី​ខែ​មុន​បាន​ ទម្លាក់​ការ​ចោទ​ប្រកាន់លើរូបលោក៕
ប្រែសម្រួល: ណៃ តុលា

To Top