តូក្យូ៖ ក្រសួងការពារជាតិនៅថ្ងៃអង្គារនេះ បានប្រកាសថា នាវិកចំនួន ៧នាក់ បានស្លាប់ ដែលត្រូវបានចុះបញ្ជីថា បានបាត់ខ្លួនចាប់ តាំងពីឧទ្ធម្ភាគចក្រល្បាត របស់កងកម្លាំងស្វ័យការពារ ដែនសមុទ្រជប៉ុន ពីរគ្រឿងបានធ្លាក់ក្នុងអំឡុង ពេលសមយុទ្ធពេលយប់ នៅប៉ាស៊ីហ្វិកក្នុងខែមេសា។
ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នានេះ បានកើនឡើងដល់ ៨នាក់ហើយ ដោយគិតមកដល់ពេលនេះបានរកឃើញសាកសពតែម្នាក់ប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ឧទ្ធម្ភាគចក្រ SH-60K ពីរគ្រឿង ដែលនីមួយៗផ្ទុកសមាជិក MSDF ៤នាក់ បានធ្លាក់កាលពីថ្ងៃទី២០ ខែមេសា ក្នុងដែនទឹកប្រហែល ២៧០ គីឡូម៉ែត្រភាគខាងកើតកោះ Torishima ក្នុងខ្សែសង្វាក់កោះ Izu៕
ប្រែសម្រួល ឈូក បូរ៉ា