យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការស្លាប់ និងរបួសលើជនស៊ីវិលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍នេះ។
លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា លោកអគ្គលេខាធិការសម្តែងនូវទុក្ខសោកយ៉ាងក្រៃលែង និងការថ្កោលទោសចំពោះការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ និងរបួសរាប់រយនាក់ទៀត ដែលបានកើតឡើងក្នុងបរិបទនៃប្រតិបត្តិការនេះ។
ការបាត់បង់ជីវិតណាមួយ គឺជាសោកនាដកម្មមួយ។ ហើយម្តងទៀត យើងជំរុញយ៉ាងមុតមាំគ្រប់ភាគីទាំងអស់ឱ្យផ្តល់អាទិភាពដល់ការការពារជនស៊ីវិល ដែលកំពុងប្រឈមមុខនឹងជម្លោះនេះ ជាពិសេសស្ត្រី និងកុមារ។ មនុស្សគ្រប់រូបមានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិ។ លោល Dujarric បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “ពួកគេត្រូវតែគោរពតាមកាតព្វកិច្ចទាំងនោះ”។
ប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ត្រូវតែអាចដំណើរការឡើងវិញបាន។ លោកបានឲ្យដឹងថា ស្ថាប័នពិភពលោកបន្តអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការចូលដំណើរការពេញលេញ និងគ្មានការរំខានដល់ប្រតិបត្តិការមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំង។
កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍បានជួយសង្គ្រោះចំណាប់ខ្មាំង ៤នាក់ពីជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សា។ ប្រតិបត្តិការនេះ បានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីន ២៧៤នាក់ស្លាប់ និង ៦៩៨នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕ ប្រែសម្រួល ឈូក បូរ៉ា